ត្រឹមតែ ២ត្រីមាស ទំហំវិនិយោគបរទេស ចូលទៅប្រទេសវៀតណាម មានជាង ១៤ ពាន់លានដុល្លារ


ហាណូយ៖ ប្រទេសវៀតណាម នៅតែបន្តជាប្រទេសឈាមមុខគេមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានចរន្តសេដ្ឋកិច្ចខ្ពស់ ពិសេសគឺមានទំហំសេដ្ឋកិច្ចពាណិជ្ជកម្មធំ មិនចាញ់បណ្ដាប្រទេសជិតខាង ប៉ុន្មាននោះទេ។ ជាងនេះទៅទៀត វៀតណាម បានទាក់ទាញវិនិយោគិនអន្តរជាតិ ឱ្យបន្តវិនិយោគមកលើ ប្រទេសរបស់ខ្លួនបានកាន់តែច្រើន ដោយត្រឹមតែ ២ ត្រីមាសទំហំវិនិយោគសរុប មានជាង ១៤ ពាន់លានដុល្លារ។

ប្រភពព័ត៌មានក្នុងស្រុក របស់វៀតណាម ចុះផ្សាយនាព្រឹកនេះ បានឱ្យដឹងថា ទំហំវិនិយោគរបស់វិនិយោគិនអន្តរជាតិ មកកាន់ប្រទេសវៀតណាម ឬការវិនិយោគពីបរទេស ចូលទៅក្នុងប្រទេសវៀតណាម បានបន្តកើនឡើង គួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២២ នេះ ទំហំវិនិយោគសរុបកើនឡើង រហូតដល់ទៅជាង ១៤,០៣ ពាន់លានដុល្លារ នេះបើយោងតាម របាយការណ៍បូកសរុប របស់ក្រសួងផែនការ និងវិនិយោគរបស់វៀតណាម។

របាយការណ៍ដដែលបានបង្ហាញថា ទំហំវិនិយោគដ៏ច្រើននេះ បើធៀបនឹងឆ្នាំ ២០២១ កន្លងទៅ គឺបានតែ ៩១,១% ប៉ុណ្ណោះ នៃទំហំវិនិយោគពីបរទេសសរុប។ ក្នុងនោះគម្រោងថ្មីៗមាន ៧៥២កន្លែង ថយចុះ ៦,៥% បើធៀបនឹងគម្រោងថ្មីៗកាលពីឆ្នាំមុន និងមាន ៤៨៧ គម្រោង បានចាត់ចែងទំហំវិនិយោគ ដែលមានស្រាប់ ដោយបន្ថែមថវិការវិនិយោគ កើនឡើងបាន ៥,៩% សរុបជាទឹកប្រាក់ប្រមាណ ៦,៨២ ពាន់លានដុល្លារអាមេរិក។

ការវិនិយោគរបស់ វិនិយោគិនអន្តរជាតិ ចូលទៅក្នុងប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ នេះ សរុបមាន ១៨ វិស័យ នៃវិស័យសរុប ២១ នៅទូទាំងប្រទេស ដោយក្នុងនោះ ការវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មផលិតផល នៅតែបន្តនាំមុខគេ ក្នុងទំហំវិនិយោគសរុបជិត ៨,៨៤ ពាន់លានដុល្លារអាមេរិក។ សម្រាប់វិស័យអចលនទ្រព្យវិញ ឈរក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងទំហំវិនិយោគសរុបជាង ៣,១៥ ពាន់លានដុល្លារអាមេរិក និងចំណាត់ថ្នាក់លេខ ៣ គឺវិស័យព័ត៌មានវិទ្យា ទំនាក់ទំនង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានទំហំវិនិយោគជាង ៤៤២,៦ លានដុល្លារអាមេរិក។

សម្រាប់រយៈពេល ៦ ខែកន្លងទៅនេះ វិនិយោគិនអន្តរជាតិ ដែលបន្តដាក់ទុនវិនិយោគ នៅវៀតណាមច្រើនជាងគេ គឺមកពីប្រទេសសិង្ហបុរី សរុបជាទឹកប្រាក់ប្រមាណ ៤,‌១ ពាន់លានដុល្លារ ខណៈវិនិយោគិនកូរ៉េខាងត្បូង មានប្រមាណ ២,៦៦ ពាន់លានដុល្លារ។ ការវិនិយោគពីក្រៅប្រទេស ចូលទៅប្រទេសវៀតណាម ត្រូវបានព្យាករណ៍ថា នឹងមានស្ថេរភាពល្អប្រសើរ បើទោះបីជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងតែបន្ត កើតមានឡើងក៏ដោយ៕