ទំហំសេដ្ឋកិច្ចវៀតណាម មានសន្ទុះកើនឡើងខ្ពស់នាត្រីមាសទី២ ពុំធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ


ហាណូយ៖ សេដ្ឋកិច្ចរបស់វៀតណាម នាត្រីមាសទី២ កន្លងទៅ មានសន្ទុះកើនឡើងខ្លាំង ឈានដល់កម្រិតមួយ ដែលពុំធ្លាប់ កើតមានឡើងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ពោលគឺចាប់តាំងពីឆ្នាំ ២០១២ មក។ ការកើនឡើងនេះ សបង្ហាញឱ្យឃើញ អំពីការងើបឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាការប្រកួតប្រជែង ជាមួយបណ្ដាប្រទេស ផ្សេងទៀតក្នុងតំបន់ ក៏ដូចជាក្រៅតំបន់ នៅក្នុងស្ថានភាពពិភពលោក មានភាពមិនប្រក្រតីបែបនេះ។

នាយកដ្ឋានស្ថិតិជាតិ របស់វៀតណាម ចេញផ្សាយម្សិលមិញនេះ ដោយយោងទៅលើ ទិន្ន័យបូកសរុបក្នុងរយៈពេល ៣ ខែ នៃត្រីមាសទី២ កន្លងទៅបានបង្ហាញថា សេដ្ឋកិច្ចបូកសរុប របស់វៀតណាម បានពង្រីកទំហំ ៧,៧២% បើធៀបទៅនឹងត្រីមាសទី២ នាឆ្នាំ២០២១ កន្លងទៅ។ ការកើនឡើងនេះ ក៏ដោយសារតែពិភពលោកមាន តម្រូវការខ្ពស់ពីការទិញទំនិញ សម្ភារៈ សេវាកម្ម ក៏ដូចជាការបោះទុនវិនិយោគ ពីប្រទេស ចូលទៅកាន់វៀតណាម កាន់តែច្រើនបន្ថែមទៀតផងដែរ។

ប្រភពដដែលបានបញ្ជាក់ ឱ្យដឹងទៀងផងដែរថា ស្ថិតក្នុងសន្ទុះកំណើននោះ គឺជាតួរលេខ ដែលពុំធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយ ដោយក្នុងនោះ វិស័យជលផល ព្រៃឈើ កើនឡើង ៣,០២% វិស័យឧស្សាហកម្ម និងសំណង់កើនឡើង ៨,៨៧% និងវិស័យសេវាកម្មកើនឡើង ៨,៥៦%។ ការកើនឡើងនេះ ក៏កំពុងបន្តមាន ភាពវិជ្ជមានក្នុងត្រីមាសទី៣ និងបន្តចូលទៅត្រីមាសទី៤ ថែមទៀតផង ធ្វើឱ្យទំហំសេដ្ឋកិច្ចសរុបប្រចាំឆ្នាំ ២០២២ របស់វៀតណាម ត្រូវបានព្យាករណ៍ថា នឹងកើនឡើងប្រសើរជាងឆ្នាំមុនចន្លោះ ៦% ទៅ ៦,៥%។

តាមការបញ្ជាក់របស់ លោក Nguyen Thi Huong អគ្គនាយក នៃនាយកដ្ឋានស្ថិតិ បានឱ្យដឹងថា បើគិតតួរលេខសរុប ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ វៀតណាម មានការរីកចំរើនច្រើន ទៅលើសេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសវិស័យឧស្សាហកម្ម ដែលផលិតទៅជា ផលិតផលសម្រាប់ អ្នកប្រើប្រាស់ក្នុងស្រុក និងមានការនាំចេញ ទៅក្រៅស្រុកជាដើម។ លោកបន្ថែមថា នៅក្នុងលក្ខខណ្ឌនៃ រចនាសម្ព័ន្ធសេដ្ឋកិច្ច ក្នុងត្រីមាសទី១ វិស័យកសិកម្ម-រុក្ខាប្រមាញ់-នេសាទ មានចំនួន ១១,០៥% នៃសេដ្ឋកិច្ចរបស់ប្រទេស ខណៈវិស័យឧស្សាហកម្ម-សំណង់ និងសេវាកម្មមាន ៣៩,៣% និង ៤០,៦៣% រៀងគ្នា។

ស្ថិតក្នុងស្ថានភាព ដ៏ប្រសើររបស់វៀតណាម ក្នុងឆ្នាំ២០២២ នេះ ទំហំសាច់ប្រាក់ ដែលអាចទទួលបានចេញពីសេដ្ឋកិច្ច អាចនឹងកើនឡើង ក្នុងរង្វង់ទឹកប្រាក់ជាង ៣១០ ពាន់លានដុល្លារអាមេរិក៕