កូរ៉េខាងត្បូង នឹងវិនិយោគជាង ៦ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍរដ្ឋធានីថ្មី របស់ប្រទេសឥណ្ឌូណេស៊ី


ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាននិយាយថា ប្រទេសកូរ៉េខាងត្បូងបាន យល់ព្រមគាំទ្រដល់ ការអភិវឌ្ឍ រដ្ឋធានីនូសាន់តារ៉ា (IKN) ដែលជារដ្ឋធានីថ្មីរបស់ ប្រទេសឥណ្ឌូណេស៊ី ជាមួយនឹងការវិនិយោគ សរុបចំនួន 6.73 ពាន់លានដុល្លារអាមេរិក។ លោកប្រធានាធិបតី វីដូដូ បាន សាទរចំពោះការគាំទ្រ របស់កូរ៉េខាងត្បូងក្នុង កិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍ រដ្ឋធានីថ្មីនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅទីក្រុងសេអ៊ូល ក្នុងអំឡុងពេលនៃ ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសកូរ៉េខាងត្បូង។

ទីភ្នាក់ងារព័ត៌មាន Antara បានដកស្រង់សម្តី របស់លោកប្រធានាធិបតី វីដូដូ ដែលបាននិយាយថា «តម្លៃនៃការវិនិយោគសរុបឈានដល់ 6.73 ពាន់លានដុល្លារអាមេរិក ហើយនឹងស្រូបយកកម្មករជាង 58,000 នាក់»។ ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើជាសាក្សីក្នុងការចុះ ហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) មួយ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ រវាងក្រុមហ៊ុនដែកថែបឥណ្ឌូណេស៊ី PT Krakatau Steel ក្រសួងវិនិយោគ និងក្រុមហ៊ុន POSCO Holdings របស់កូរ៉េខាងត្បូង។ ក្រុមហ៊ុនដែកថែប Krakatau និងក្រុមហ៊ុន POSCO បានព្រមព្រៀងគ្នាក្នុងការវិនិយោគ ទៅលើការពង្រីក សមត្ថភាពផលិតដែក ជាពិសេសសម្រាប់ ការផលិតរថយន្តអគ្គិសនី និងការអភិវឌ្ឍន៍របស់រដ្ឋធានី IKN នូសាន់តារ៉ា។

ការវិនិយោគក្រោម កិច្ចសហប្រតិបត្តិការនេះ ត្រូវបានគេប៉ាន់ ប្រមាណថានឹងមានដល់ទៅ 3.5 ពាន់លានដុល្លារអាមេរិក។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានព្រមព្រៀងសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ សម្រាប់រដ្ឋធានី IKN នូសាន់តារ៉ា នៅក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត ផងដែរ។