ប៉េង ហួត គ្រុប គាំទ្រនិងលើកកម្ពស់ការអប់រំ នៅតាមសាលារៀនក្នុងតំបន់ស្រយ៉ាល ដោយរៀបចំកម្មវិធីសប្បុរសធម៌ “អាហារខ្ញុំ ការអប់រំខ្ញុំ អនាគតខ្ញុំ” នៅសាលាបឋមសិក្សាភូមិកោះ ខេត្តកោះកុង


ដោយសម្របជាមួយក្របខណ្ឌយុទ្ធសាស្រ្ដ ការងារសង្គមរបស់ ប៉េង ហួត គ្រុប ពោលគឺ៖ <<ការអប់រំ បរិស្ថាន សង្គម>> ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីសប្បុរសធម៌ “អាហារខ្ញុំ ការអប់រំខ្ញុំ អនាគតខ្ញុំ I My Food My Education My Future” ដល់សាលាបឋមសិក្សាភូមិកោះ ដែលមានសិស្សសរុបចំនួន ៥២នាក់ រួមទាំងលោគ្រូអ្នកគ្រូ ៣នាក់ ស្ថិតនៅក្នុងភូមិកោះ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ 

កម្មវិធីនេះមានគោលបំណង ដើម្បីលើកកម្ពស់ការអប់រំ តាមរយៈការគាំទ្រជាជំនួយឧបត្ថម្ភ នូវសម្ភារៈសិក្សា និងអាហារ សម្រាប់សិស្សដែលជួបប្រទះ ការលំបាក ខណៈទាំងនេះគឺជា តម្រូវការចំបងបំផុតទីមួយ សម្រាប់ការរស់រាន។ 

ជាមួយគ្នានេះដែរ សហការីរបស់ ប៉េង ហួត គ្រុប ក៏បានដឹកនាំនូវសកម្មភាពមួយចំនួន ដើម្បីបំផុសការគិតលើសារៈសំខាន់ នៃការអប់រំដល់ពួកគេដូចជា៖

១) សារលើកទឹកចិត្តឱ្យពួកគេ បន្តការខិតខំប្រឹងប្រែងរៀនសូត្រ
២) ការបំផុសគំនិតឱ្យស្វែងរក នូវទេពកោសល្យដែលពួកគេមាន ព្រោះនឹងជួយពួកគេទៅសម្រេច ក្ដីសុបិន្តរបស់ពួកគេបាន
៣) សកម្មភាពរីករាយ គូររូប និងផាត់ពណ៌ ដែលជាជំនួយ ដល់ការលូតលាស់បញ្ញាស្មារតី។  

សកម្មភាពទាំងអស់នេះ គឺជាការទំនុកបម្រុងដោះស្រាយការលំបាក និងជាក្ដីសង្ឃឹមផ្ដល់ឱ្យពួកគេ បន្តបាននូវការអប់រំដ៏ល្អ ព្រោះមានតែការអប់រំតែប៉ុណ្ណោះ ដែលអាចកែប្រែវាសនាជីវិតរបស់ពួកគេ នាពេលបច្ចុប្បន្ននិងអនាគត ហើយពួកគេនឹងក្លាយជា ធនធានកសាងប្រទេសជាតិ និងពិភពលោកដ៏អស្ចារ្យ។