យោងទៅតាម គេហទំព័រ TimeOut បានធ្វើការស្ទង់មតិ ប្រទេសដែលមានសុវត្ថិភាពបំផុត នៅក្នុងពិភពលោកសម្រាប់ឆ្នាំ 2022 នេះ បានបង្ហាញឲ្យឃើញថា មានប្រទេសចំនួន 10 ជាប់ក្នុងកំពូលតារាង ដោយក្នុងនោះ ក៏មានប្រទេសជប៉ុនផងដែរ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលមានសុវត្ថិភាព និងសន្តិភាពបំផុតក្នុងពិភពលោក។ ការស្ទង់មតិប្រទេសទាំង 10 នេះ ត្រូវបានធ្វើឡើង ដោយផ្តោតលើ ភាពដែលប្រទេសទាំងនោះ ស្រឡាញ់សន្តិភាព សុវត្ថិភាព និងសន្តិសុខរបស់ ប្រទេសជាតិជាដើម។ ដោយប្រទេសទាំង 10 នោះមានដូចជា ប្រទេសអ៊ីស្លង់ នូវែលសេឡង់ អៀរឡង់ ដាណឺម៉ាក អូទ្រីស ព័រទុយហ្គាល់ ស្លូវេនី សាធារណរដ្ឋឆែក សិង្ហបុរី និងប្រទេសជប៉ុននេះឯង។

ដូចគ្នានេះដែរ យោងតាមសន្ទស្សន៍សន្តិភាពសកល នៅឆ្នាំ 2022 នេះ ដែលចេញដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (IEP) បានចាត់ចំណាត់ថ្នាក់ ប្រទេសជប៉ុន ជាប្រទេសដែលមាន សន្តិភាពបំផុត លំដាប់ទី 10 តែម្ដង នៅក្នុងពិភពលោក។

ដោយការឲ្យចំណាត់ថ្នាក់នេះ IEP បានពិនិត្យលើសសរស្តម្ភសំខាន់ៗចំនួនបី៖ (សុវត្ថិភាព និងសន្តិសុខសង្គម) (ជម្លោះក្នុងស្រុក និងអន្តរជាតិដែលកំពុងបន្ត) និង (ការធ្វើយោធាជាដើម)។ កត្តាផ្សេងទៀតដែលកំពុង ត្រូវបានពិចារណារួមមាន កម្រិតនៃការអស្ថេរភាពនយោបាយ ទំនាក់ទំនងជាមួយប្រទេសជិតខាង ចំនួនជនភៀសខ្លួន អាវុធនុយក្លេអ៊ែរ ជម្លោះផ្ទៃក្នុង និងខាងក្រៅដែលកំពុងបន្ត ការចំណាយយោធា និងអត្រាអ្នកជាប់ឃុំជាដើម។

ក្នុងចំណោមសសរស្តម្ភសំខាន់ៗ ចំនួនបី ដែលបានរៀបរាប់ខាងលើ ប្រទេសជប៉ុនមាន ចំណាត់ថ្នាក់ខ្ពស់ជាងគេ សម្រាប់ផ្នែកសុវត្ថិភាព និងសន្តិសុខតែម្ដង ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់ទីបី។ ខណៈប្រទេសអ៊ីស្លង់ ជាប់ចំណាត់ថ្នាក់ទីមួយ និងន័រវែសទីពីរ។ ជប៉ុនក៏ជាប់ចំណាត់ថ្នាក់ ជាប្រទេសមានសន្តិភាពបំផុតទីបី ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ដោយតាមពីក្រោយនូវែលសេឡង់ និងសិង្ហបុរី។