ធនាគារ ADB ផ្ដល់កម្ចី ១៥ លានដុល្លារ គាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា


ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្ដល់កម្ចីសប្បទាន ១៥ លានដុល្លារ ដល់ក្រុមហ៊ុន De Heus THM Co,. Ltd ជាក្រុមហ៊ុនចម្រុះអន្តរជាតិ ពីប្រទេសហូឡង់ បើកដំណើរការតាំងពីឆ្នាំ ១៩១១ ដើម្បីវិនិយោគពង្រីក ការសាងសង់រោងចក្រផលិត ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា ស្ថិតនៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ក្រោមសក្ខីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការខាងលើនេះ ហើយវានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ខ្សែច្រវាក់ ផ្គត់ផ្គង់ចំណីសត្វ និងសហគមន៍ផលិត ឆ្លើយតបទៅនឹង កំណើនផលិតកម្មសត្វ មានដូចជា ជ្រូក ត្រី និងបក្សី ដែលមានតម្រូវការខ្ពស់។ ការវិនិយោគផលិតកម្ម ចំណីសត្វរបស់ក្រុមហ៊ុន De Heus ជួយជំរុញដល់ ការផលិតប្រកបដោយគុណភាព សុវត្ថិភាព ធានាលើបរិមាណ និងការប្រកួតប្រជែង សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញផងដែរ។ ម្យ៉ាងទៀត ការផលិតចំណីសត្វ នឹងផ្ដល់ឱកាសទីផ្សារ ដល់ផលិតផលកសិកម្មក្នុងស្រុក ដូចជា ពោត ចុងអង្ករ កន្ទក់ ដំឡូងមី កាកស្ក ម្សៅត្រី ម្សៅឆ្អឹងម៉ត់ កាកស្របៀ កាកដូង ថ្មម៉ត់ និងសណ្ដែងសៀងជាដើម។

សូមបញ្ជាក់ផងដែរថា រោងចក្រផលិតផ្គត់ផ្គង់ចំណីសត្វ De Heus នឹងសាងសង់លើផ្ទៃដីទំហំ ៧ ហិកតា នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ និងគ្រោងបង្កើត រោងចក្រនៅខេត្តបាត់ដំបង នាពេលអនាគត ហើយរោងចក្រនេះ រំពឹងថានឹងមាន សមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទ បានចំនួន ១៥ ពាន់តោន ក្នុងមួយខែ នឹងមានផែនការផលិតចំណីសត្វ ១៨០ ពាន់តោន ក្នុងមួយឆ្នាំ។

យោងតាមក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បង្ហាញថា គិតមកទល់ពេលនេះ កម្ពុជា មានរោងចក្រផលិតចំណីសត្វ ចំនួន ២៣ រោងចក្រមកហើយ ដែលអាចផលិតបានប្រមាណ ១,២៤ លានតោន ក្នុងមួយឆ្នាំ អាចផ្គត់ផ្គត់បានប្រមាណ ៥៥% នៃតម្រូវការចិញ្ចឹមសត្វក្នុងស្រុកសរុប។ ដូចនេះ ការវិនិយោគ បង្កើតរោងចក្រផលិតចំណីសត្វបន្ថែម អាចជួយធានាបាន នូវស្ថេរភាពចំណីអាហារ ផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់ និងជំរុញដល់កសិកឧស្សាហកម្ម វារីប្បកម្ម ផងដែរ។