សហភាពអឺរ៉ុប មានបំណងបង្កើន ទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ នៅតំបន់ប៉ាស៊ីហ្វិក ឲ្យកាន់តែស៊ីជម្រៅ


ឯកអគ្គរដ្ឋទូតរបស់ប្លុកប្រចាំ នៅកោះប៉ាស៊ីហ្វិក លោក Sujiro Seam បាននិយាយកាលពី ថ្ងៃអង្គារថា ខណៈដែលការប្រកួតប្រជែង ភូមិសាស្ត្រក្នុងតំបន់កាន់តែខ្លាំងក្លា រវាងប្រទេសមហាអំណាចនានា បានធ្វើឲ្យសហភាពអឺរ៉ុប ចាប់ផ្ដើមងាកមក ធ្វើការបង្កើនវត្តមានរបស់ខ្លួន កាន់តែជិតស្និតឡើងវិញ នៅក្នុងតំបន់ប៉ាស៊ីហ្វិក តាមរយៈការបង្កើន ទំនាក់ទំនងសេដ្ឋកិច្ច និងការប្តេជ្ញាចិត្ត ផ្នែកសន្តិសុខថ្មី របស់សហព័ន្ធមួយនេះ។ ជាក់ស្ដែង ឯកអគ្គរដ្ឋទូតរូបនេះ បាននិយាយដោយផ្ទាល់ នៅក្នុងបទសម្ភាសន៍មួយ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសនូវែលសេឡង់ថា សហភាពអឺរ៉ុបត្រូវបានគេ មើលឃើញថាជា ដៃគូអភិវឌ្ឍន៍នៅប៉ាស៊ីហ្វិក ជាយូរមកហើយ ហើយសហភាពអឺរ៉ុបផ្ទាល់ ក៏ចង់ឲ្យគេយល់ថាជា ខ្លួនក៏ជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រដ៏ល្អមួយ សម្រាប់តំបន់នេះផងដែរ។

ការលើកឡើងអំពី គោលបំណងជំរុញ ទំនាក់ទំនងរបស់ EU ជាមួយនឹងតំបន់ប៉ាស៊ីហ្វិកនេះ កើតឡើងស្របពេលដែល ប្រទេសមហាអំណាចធំៗ កំពុងប្រជែងគ្នា ដណ្តើមឥទ្ធិពលនៅក្នុងតំបន់នេះ ដោយសហរដ្ឋអាមេរិក និងអូស្ត្រាលី បង្កើនការចូលរួម នៅក្នុងតំបន់ប៉ាស៊ីហ្វិក បន្ទាប់ពីប្រទេសចិន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសដីកោះ Solomon ក្នុងឆ្នាំនេះ។ លោក Sujiro Seam បាននិយាយទៀតថា ការទទួលស្គាល់ថា ភូមិសាស្ត្រនៃមហាសមុទ្រប៉ាស៊ីហ្វិក គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសនានា រួមទាំងសហភាពអឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា នៅឆ្នាំ 2021 សហភាពអឺរ៉ុប បានដាក់ចេញនូវយុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិកជាផ្លូវការ ហើយបានប្រកាស មូលនិធិហេដ្ឋារចនាសម្ព័ន្ធសកល ចំនួន 300 ពាន់លានអឺរ៉ូ (305 ពាន់លានដុល្លារអាមេរិក) ដែលជាការជួយជំរុញទំនាក់ទំនង។ បន្ថែមពីនេះ EU ក៏នឹងមានគម្រោងអភិវឌ្ឍន៍ ជាច្រើនទៀតផងដែរ ដែលកំពុងដំណើរការនៅក្នុងតំបន់ ហើយកំពុងសម្លឹងមើល បន្ថែមទៀត ដោយកត់សំគាល់ថា ខ្លួនកំពុងបញ្ចប់ផែនការ ក្នុងការចំណាយ 5 លានអឺរ៉ូ (5 លានដុល្លារអាមេរិក) លើការសិក្សា លទ្ធភាពសាងសង់ កំពង់ផែមួយ នៅលើកោះ Kiritimati ក្នុងតំបន់ Kiribati។