HSBC៖ សិង្ហបុរីអាចនឹងមានចំនួនមហាសេដ្ឋីច្រើនជាង សហរដ្ឋអាមេរិក និងចិន ក្នុងឆ្នាំ ២០៣០ ខាងមុខ


HSBC ដែលជាស្ថាប័នគ្រប់គ្រងធនាគារ និងសេវាកម្មហិរញ្ញវត្ថុសកល របស់ចក្រភពអង់គ្លេស បានធ្វើការព្យាករណ៍ ក្នុងរបាយការណ៍មួយថា ក្នុងរយៈពេល ៨ឆ្នាំខាងមុខទៀត ចំនួនមហាសេដ្ឋីក្នុង ចំណោមនៃចំនួនប្រជាជនសរុប របស់ប្រទេសសិង្ហបុរី នឹងកើនមានចំនួនច្រើនជាង ចំនួនមហាសេដ្ឋីសហរដ្ឋអាមេរិក ចិន ឬបណ្ដាប្រទេសសេដ្ឋកិច្ចធំៗដទៃ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅទៀត។ ជាក់ស្ដែង ប្រមាណជា 7.5% នៃចំនួនប្រជាជនពេញវ័យ របស់សិង្ហបុរី មានទ្រព្យសម្បត្តិយ៉ាងហោចណាស់ 1 លានដុល្លារអាមេរិក (1.38 លានដុល្លារសិង្ហបុរី) នៅឆ្នាំ 2021 ហើយតាមការព្យាករណ៍ទុក ចំនួនមហាសេដ្ឋី របស់ប្រទេសនេះ អាចកើនឡើងដល់ 9.8% នៅឆ្នាំ 2025 ហើយបន្ដកើនឡើងដល់ 13.4% នៅឆ្នាំ 2030 តែម្ដង។

តាមរយៈការព្យាករណ៍នេះ HSBC បានធ្វើការសិក្សាពិនិត្យទៅលើ ចំនួនប្រជាពលរដ្ឋ ដែលចូលមករស់នៅ ក្នុងប្រទេសសិង្ហបុរី និងប្រជាពលរដ្ឋ ដែលមានលំនៅអចិន្ត្រៃយ៍។ បន្ថែម ដើម្បីវាស់ស្ទង់ទ្រព្យសម្បត្តិ របស់មហាសេដ្ឋីសិង្ហបុរីទាំងនោះ HSBC ត្រួតពិនិត្យលើ ទំហំសាច់ប្រាក់របស់ពួកគេ ដែលតំកល់ទុកនៅក្នុងធនាគារ បូករួមនឹងការវិនិយោគ លើមូលលបត្រផ្សេងៗ ដូចជាភាគហ៊ុន និងសញ្ញាប័ណ្ណ ក៏ដូចជា អចលនទ្រព្យ ដែលពួកគេកំពុងកាន់កាប់ជាដើម។ HSBC បានឲ្យដឹងទៀតថា នៅតំបន់អាស៊ី សិង្ហបុរីគឺជាប្រទេសទីពីរ បន្ទាប់ពីប្រទេសអូស្ត្រាលី ដែលមានចំនួនមហាសេដ្ឋីប្រមាណ 8% នៃចំនួនប្រជាជនសរុប ក្នុងឆ្នាំ 2021។

ស្របគ្នានេះដែរ HSBC ក៏បានព្យាករណ៍ដែរថា ក្នុងឆ្នាំ 2030 ប្រទេសអូស្ត្រាលី អាចនឹងធ្លាក់មកចំណាត់ថ្នាក់លេខ 2 ជាមួយនឹងចំនួនមហាសេដ្ឋីត្រឹមតែ 12.5% ប៉ុណ្ណោះ ដែលកាន់សាច់ប្រាក់ និងទ្រព្យសម្បត្តិ មួយលានដុល្លារអាមេរិក។ បន្ថែមពីនេះ ហុងកុងនឹងធ្លាក់មក ចំណាត់ថ្នាក់លេខបន្ទាប់ ជាមួយនឹងចំនួនមហាសេដ្ឋីត្រឹមតែ 11.1% ខណៈដែលសហរដ្ឋអាមេរិក នឹងមានចំនួនមហាសេដ្ឋី 9%, ប្រទេសជប៉ុន នឹងមានចំនួនមហាសេដ្ឋី 7.2% និងចិនដីគោក នឹងមានចំនួនមហាសេដ្ឋី 4.4%។