រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងរៀបចំ ទៅតាមផែនការមេ លើការកសាងផ្លូវដែកល្បឿនលឿនថ្មីៗ


រាជរដ្ឋាភិបាលខិតខំប្រឹង ប្រែងអភិវឌ្ឍន៍វិស័យផ្លូវដែក ឱ្យកាន់តែទំនើប ដើម្បីមានភាពងាយស្រួល ក្នុងការដឹកទំនិញ ដោយមិនកកស្ទះចរាចរណ៍ផ្លូវគោក និងជំរុញវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើន។ លោក អ៊ុក អ៊ួក ប្រធាននាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងថា រាជរដ្ឋាភិបាលចាត់ទុក វិស័យសាធារណការនិងដឹកជញ្ជូន ជាវិស័យអាទិភាពមួយ ក្នុងការដឹកជញ្ជូនប្រកបដោយគុណភាព សម្រាប់បម្រើឱ្យ ការដឹកជញ្ជូនកាន់តែប្រសើរឡើង ដើម្បីបង្កើនភាពងាយស្រួល ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការអភិវឌ្ឍលើ គ្រប់វិស័យ ដែលជំរុញសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ រីកចម្រើនឡើង។

លោកបានបន្តថា ការតភ្ជាប់ផ្លូវដែកទៅកាន់ប្រទេស ជិតខាងក្នុងតំបន់ក៏បានរួម ចំណែកដល់ការជំរុញ ពាណិជ្ជកម្មនិងលើកស្ទួយ កម្រិតជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែសម្បូរសប្បាយធូរធារ ស្របតាមយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា បានយ៉ាងឆាប់រហ័ស។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ឱ្យមានភាពល្អប្រសើរឡើង នូវប្រព័ន្ធផ្លូវដែក ដែលមានស្រាប់ ទៅជាផ្លូវរថភ្លើងល្បឿនលឿន ដើម្បីពង្រឹងវិសាលភាព តភ្ជាប់ក្នុងតំបន់ ដែលជាគោលដៅចម្បង នៃការតភ្ជាប់នូវ ប្រព័ន្ធភស្តុភារកម្មដ៏រស់រវើក ដែលតភ្ជាប់នៅតាម ប៉ូលសេដ្ឋកិច្ចសំខាន់ៗ។

«រាជរដ្ឋាភិបាលនឹងប្រឹងប្រែងរៀបចំ ទៅតាមផែនការមេ ដែលបានរៀបចំហើយ ការកសាងផ្លូវដែកល្បឿន លឿនថ្មីៗ ក៏ដូចភ្ជាប់ទៅបណ្តាខេត្តដ៏ទៃ នៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចភ្ជាប់ទៅ ប្រទេសជិតខាងយើង ប្រទេសវៀតណាម ថៃ។ យើងនឹងមានផែនការកសាង ផ្លូវដែកដើម្បីភ្ជាប់ ទៅបណ្តាប្រទេស ជិតខាងដើម្បីងាយស្រួល នឹងរៀបចំបណ្តើរៗ ការបង្កើនល្បឿន រថយន្តភ្លើង ក្រសួងសាធារណការ របស់យើង ក៏ខិតខំរៀបចំ កម្រិតល្បឿនឡើងវិញ ដោយធ្វើការផ្លាស់ប្តូរ និងកសាងគ្រឹះផ្លូវដែកថ្មី ដើម្បីធ្វើចរាចរណ៍ ខ្សែរថភ្លើង រៀបចំបំពាក់នូវ ប្រព័ន្ធការពារខ្លះៗ ក៏ដូចជាភ្លើងសញ្ញា ចំណុចផ្លូវសំខាន់ៗ ដើម្បីឱ្យបងប្អូនប្រជាពល រដ្ឋកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថភ្លើង»។

សូមបញ្ជាក់ថា ផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦ គីឡូម៉ែត្រពីភ្នំពេញទៅប៉ោយ ប៉ែត ព្រំដែនកម្ពុជា -ថៃ ហើយត្រូវបានសាងសង់ និងដំណើរការចន្លោះឆ្នាំ ១៩២៩ ដល់ឆ្នាំ ១៩៤២។ ផ្លូវដែកភាគខាងត្បូងត្រូវ បានសាងសង់ នៅចន្លោះឆ្នាំ ១៩៦០ ដល់ ឆ្នាំ ១៩៦៩ និងមានប្រវែងសរុប ២៦៤ គីឡូម៉ែត្រ៕