ក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក គ្រោងចាប់ផ្តើមដំណើរការ ផ្តល់សេវាដឹកជញ្ជូន ដោយផ្ទាល់របស់ខ្លួន នៅកម្ពុជា នាខែតុលាខាងមុខនេះ


ក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក ស្វែងយល់ពីឱកាសវិនិយោគ និងផែនការអភិវឌ្ឍន៍នានា របស់រាជរដ្ឋាភិបាលលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា សម្រាប់ចាប់ផ្តើមដំណើរការ ផ្តល់សេវាដឹកជញ្ជូន ដោយផ្ទាល់របស់ខ្លួននៅកម្ពុជា នាខែតុលាខាងមុខនេះ។ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក ដឹកនាំដោយ លោក Masamichi Ujiie អនុប្រធានជាន់ខ្ពស់ របស់ក្រុមហ៊ុន FedEx ចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ។

ជំនួបរបស់គណ:ប្រតិភូក្រុមហ៊ុន FedEx ជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី មានគោលបំណងស្វែងយល់ ពីភាពរីកចម្រើន និងទស្សនវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱកាសវិនិយោគ និងផែនការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា សម្រាប់ជាមូលដ្ឋាន ក្នុងការពង្រឹងនិងពង្រីក អាជីវកម្មរបស់ខ្លួននៅកម្ពុជា និងចាប់ផ្តើមដំណើរការ ផ្តល់សេវាកម្មដោយផ្ទាល់ ចាប់ពីខែតុលា ឆ្នាំ២០២២នេះតទៅ។ ជាកិច្ចចាប់ផ្តើម លោកអនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុនដឹកជញ្ជូន FedEx បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យគណ:ប្រតិភូ របស់លោកចូលជួប និង ពិភាក្សាការងារ។ លោកបានមានប្រសាសន៍ថា៖ នេះជាលើកដំបូងដែលលោក បានមកកម្ពុជា ហើយលោកមើលឃើញ កម្ពុជាមានការរីកចម្រើន ដែលផ្ទុយទៅនឹង អ្វីដែលលោកធ្លាប់បានឮ ពីប្រព័ន្ធឃោសនាខាងក្រៅ និងពីមនុស្សមួយចំនួន។

លោកក៏បានបង្ហាញនូវ ចំណាប់អារម្មណ៍ក្នុង ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ព និងដឹកជញ្ជូននៅកម្ពុជាផងដែរ ដើម្បីចូលរួមចំណែក អភិវឌ្ឍកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន ក៏ដូចជាពង្រីកទំនាក់ទំនង រវាងអាមេរិក និងកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនគណ:ប្រតិភូ ដោយសង្ខេប អំពីប្រវត្តិនៃការតស៊ូ រំដោះជាតិ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិ របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ក្រោយការបំផ្លិចបំផ្លាញដល់ឫសគល់ របស់របបប្រល័យពូជសាសន៍ ខ្មែរក្រហម និងសង្រ្គាមស៊ីវិលនៅកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរយ:ពេល ២៤ឆ្នាំចុងក្រោយនេះ ដែលផ្ទុយស្រឡះ ពីការឃោសនាផ្សព្វផ្សាយបំផ្លើស បំភ័ន្តភ្នែកអន្តរជាតិ របស់ជនអគតិមួយចំនួន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា៖ រាជរដ្ឋាភិបាលសម្រេចបាន នូវសមិទ្ធផលសំខាន់ៗ មួយចំនួនពាក់ព័ន្ធ វិស័យសាធារណការ និងដឹកជញ្ជូនរួមមាន៖ ការកសាងផ្លូវថ្នល់បានប្រមាណ ១៨.០០០ គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដារាជធានីខេត្ត នៅទូទាំងប្រទេស ដោយអ៊ុតបេតុងកៅស៊ូ ដែលបច្ចុប្បន្នយើង អាចធ្វើដំណើរ ទៅកាន់បណ្តាខេត្តជាប់ព្រំដែន បានយ៉ាងងាយស្រួល និងឆាប់រហ័ស។ ឯកឧត្តមទេស រដ្ឋមន្ត្រីបានបន្ថែមផងដែរថា៖ បច្ចុប្បន្នកម្ពុជាមាន បណ្ដាញផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និង ភស្តុភាកម្មកាន់តែល្អប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះ៖ ផ្លូវជាតិសំខាន់ៗមួយចំនួន មានការពង្រីកពីពីរគន្លង ទៅបួនគន្លង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តោះអាសន្នក្នុងខែតុលា រួមជាមួយនឹង គម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់ជាមួយ ទីក្រុងហូជីមិញ គ្រោងបើកការដ្ឋានសាងសង់ នៅក្នុងពេលខាងមុខនេះផងដែរ។

ជាមួយគ្នានេះ កម្ពុជាកំពុងសាងសង់ ព្រលានយន្តហោះថ្មី ខ្នាតអន្តរជាតិចំនួន ៣នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងព្រលានយន្តហោះខេត្តកោះកុង។ កម្ពុជាបានធ្វើការ បញ្ចប់ផែនការមេ ស្តីពីការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដែលត្រូវការទុន អនុវត្តប្រមាណជាង ៥០ពាន់លានដុល្លារអាមេរិក ដែលនឹងដាក់ឆ្លង គណ:រដ្ឋមន្រ្តីនាពេលឆាប់ខាងមុខ។ ជាងនេះទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន YCH សិង្ហបុរី និងក្រុមហ៊ុន Worldbridge ដើម្បីចាប់ផ្តើម អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម ទីក្រុងភ្នំពេញ ហើយក្រសួងក៏គ្រោងចាប់ផ្តើម អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម ទីក្រុងព្រះសីហនុ នៅពេលខាងមុខ និងកំពុងស្វែងរកការវិនិយោគ លើវិស័យសំខាន់មួយចំនួនទៀត ជាពិសេសការវិនិយោគ មជ្ឈមណ្ឌលដឹកទំនិញ តាមផ្លូវអាកាសតំបន់ផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចង្អុលបង្ហាញពី សារសំខាន់នៃទីតាំង ភូមិសាស្ត្ររបស់ប្រទេស កម្ពុជាស្ថិតនៅចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ាន អាចប្រើប្រាស់ជា មជ្ឈមណ្ឌលឧស្សាហកម្មមួយ សម្រាប់បម្រើឱ្យ អ្នកប្រើប្រាស់ដែលជា អតិថិជនប្រមាណ ៦៥៥លាននាក់ ព្រមទាំងជាចំណុចកណ្តាល នៃបណ្តាប្រទេសមហា អនុតំបន់មេគង្គ ដែលអាចប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារកម្ម សម្រាប់បម្រើឱ្យ អតិថិជនប្រមាណ ៣៣៤ លាននាក់ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រ យ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើម របស់ក្រុមហ៊ុន FedEx ដែលបានលើកឡើង និងចង់ឃើញនូវ ការហោះហើរមកផ្ទាល់ នៃយន្តហោះដឹកទំនិញ របស់ក្រុមហ៊ុន FedEx មកកម្ពុជា និងបានស្នើឱ្យក្រុមហ៊ុន ជួបពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ និងបានណែនាំឱ្យមន្ត្រីជំនាញ ពាក់ព័ន្ធរបស់ក្រសួង ជួយសម្របសម្រួល ដើម្បីឱ្យក្រុមហ៊ុនអាចពង្រីកប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានល្អប្រសើរ៕