ទោះបីតម្លៃអចលនទ្រព្យ នៅហុងកុងធ្លាក់ចុះ តែវិស័យមួយនេះ ពុំប្រឈមនឹងហានិភ័យឡើយ!


ស្ថានភាពទីផ្សារអចលនទ្រព្យ នៅទីក្រុងហុងកុង ក៏បានរងគ្រោះ ដូចទៅនឹងទីផ្សារធំៗជាច្រើន នៅក្នុងពិភពលោកដែរ ក្នុងអំឡុងពេលផ្ទុះការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ទ្រង់ទ្រាយធំ កាលពីពេលកន្លងទៅ។ បញ្ហានេះ បើគិតមកដល់ត្រីមាសទី៣ ឆ្នាំ២០២២ នេះ តែដោយឡែក ត្រូវបានបញ្ជាក់ឱ្យដឹងថា ពុំមានហានិភ័យ ដែលប៉ះពាល់ទៅដល់ វិស័យអចលនទ្រព្យឡើយ។

យោងតាមការបញ្ជាក់របស់ លោក Paul Chan រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ របស់ហុងកុង បានបញ្ជាក់យ៉ាងច្បាស់ថា ទីផ្សារអចលនទ្រព្យរបស់ក្រុងហុងកុង ពុំប្រឈមមុខ ទៅនឹងហានិភ័យ ដែលគួរឱ្យបារម្ភនោះឡើយ។ កម្រិតហានិភ័យទាបនេះ បានបង្កលក្ខណៈងាយស្រួល ដល់រដ្ឋាភិបាល ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ ភ្នាក់ងារ អំពីស្ថេរភាពប្រសើរ នៃទីផ្សារអចលនទ្រព្យ របស់ទីក្រុងមួយនេះ ជាពិសេសរដ្ឋាភិបាល ពុំចាំបាច់ចាត់វិធានការណ៍ ដោះស្រាយនោះដែរ។

លោកបានបញ្ជាក់បន្ថែមថា បើទោះបីជាតម្លៃអចលនទ្រព្យ នៅទីក្រុងហុងកុង បានធ្លាក់ចុះជិតដល់ទៅ ៦% ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ នេះ ដោយសារតែបញ្ហាជំងឺឆ្លង និងចំនួនធ្វើលទ្ធកម្ម នៃកម្មសិទ្ធិមានកម្រិតទាបក៏ដោយ តែហានិភ័យ ដែលប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់ទីផ្សារ ពុំមានកម្រិតខ្ពស់ឡើយ។ ហេតុផលនេះ ក៏ពុំតម្រូវឱ្យរដ្ឋាភិបាល ធ្វើបច្ចុប្បន្នភាព នៃគោលនយោបាយ ដើម្បីសម្រួល និងស្រោចស្រង់ ទីផ្សារនោះដែរ ពោលគឺអ្វីៗអាចគ្រប់គ្រង ទៅមុខបន្តទៀតបាន។

បញ្ហាដែលធ្វើឱ្យ ទីផ្សារអចលនទ្រព្យហុងកុងធ្លាក់ចុះ គឺចោទឡើងបន្ថែម ពីអត្រាទីផ្សារការងារ ធ្វើឱ្យអ្នកទិញលំនៅដ្ឋាន ត្រូវកាត់បន្ថយចំនាយ ដោយសារតែខ្លះ បានបាត់បង់ការងារ ខ្លះទៀតពុំបាន បើកប្រាក់បៀវត្សរ៍គ្រប់គ្រាន់ ជាដើម ដែលធ្វើឱ្យការទិញលំនៅដ្ឋានធ្លាក់ចុះ ការដាក់ពាក្យសុំកម្ចីឥណទាន តាមធនាគារ ក៏ពុំអាចធ្វើទៅបានជាដើម។ បញ្ហានេះ បើទោះបីជាកំពុងតែ កើតឡើងនាពេលបច្ចុប្បន្នក៏ដោយ តែពុំមានតម្រូវការពិសេសណាមួយ ក្នុងការកែសម្រួល គោលនយោបាយ របស់ហុងកុងនោះដែរ។

គួរបញ្ជាក់ថា គិតត្រឹមខែកក្កដា កន្លងទៅ របាយការណ៍តម្លៃអចលនទ្រព្យ នៅហុងកុងបង្ហាញថា លំនៅដ្ឋានមួយចំនួន បានធ្លាក់ថ្លៃខ្លាំងបំផុត ដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០២០ មកម៉្លេះ ដោយសារតែការកើនឡើង នៃតម្លៃអត្រាការប្រាក់ របស់ធនាគារ និងស្ថានភាពមិនប្រក្រតី នៃសកលលោកនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគតខាងមុខ៕