ប្រាសាទក្រវ៉ាន់ មានចម្លាក់លើជញ្ជាំងឥដ្ឋដ៏ល្អវិចិត្រ និងជាប្រាសាទចំណាស់ដែលសាងសង់ នៅដើមសតវត្សរ៍ទី១០


"ប្រាសាទក្រវ៉ាន់" ជារមណីយដ្ឋានទេសចរណ៍ បែបវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋាននេះ មានទីតាំងស្ថិត នៅក្នុងក្នុងបរិវេណឧទ្យានអង្គរ ដែលមានចំងាយប្រមាណជា ២៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប នៅទីនេះមានសក្តានុពល ទេសចរណ៍សំខាន់ៗ ដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងរចនាបទ។ នៅទីនេះ ភ្ញៀវទេសចរ អាចមកលំហែលកម្យាន្ត មើលប្រាសាទ ចម្លាក់ក្បូរក្បាច់ ព្រៃព្រឹក្សា និងប្រវត្តិសាស្រ្ត។

ប្រាសាទក្រវ៉ាន់មានទីតាំង ស្ថិតនៅខាងកើត ប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី ត្រូវបាន កសាងនៅឆ្នាំ ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិសដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា ដោយមានតួប៉មប្រាំ បែមុខទៅទិសខាងកើត និងមានចម្លាក់នៅលើឥដ្ឋ មានលក្ខណៈល្អឥតខ្ទោះ ដែលរហូតមកដល់ពេលនេះ ចម្លាក់ឥដ្ឋទាំងនោះ មានអាយុកាលជាង ១០០០ឆ្នាំមកហើយ ប៉ុន្តែវានៅតែ រំលេចនៅរូបភាព និងក្បូក្បាច់ចម្លាក់ច្បាស់ៗ និងគួរឲ្យចង់គយគន់ដដែល។

សៀវភៅបរទេសភាគច្រើន ដែលស្តាប់ពុំច្បាស់នូវ សម្ដីនៃអ្នកស្រុកដើមនិយាយ ទៅជាសរសេរថា ក្រវាញ តែតាមការពិតប្រជាជន ហៅប្រាសាទនេះថា ក្រវាន់ (អានថា ក្រវ៉ាន់) ព្រោះប្រជាជនយល់ថា ក្រវាន់នេះ ជាឈ្មោះដើមឈើ ដែលសម្បូរដុះ នៅម្ដុំនោះ គឺជាឈើមួយប្រភេទ មានផ្កាក្រអូបឈ្ងុយ ស្រដៀងនឹងក្លិន ចេកនួនទុំ។ ប្រាសាទក្រវ៉ាន់ ត្រូវបានកាប់ឆ្ការ និងធ្វើកំណាយ ដោយបារាំង ដើម្បីជួសជុលនៅអំឡុងឆ្នាំ ១៩៦០៕