ផ្លូវល្បឿនលឿនទី២ របស់កម្ពុជា នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ នាពាក់កណ្ដាលឆ្នាំ ២០២៣!


ភ្នំពេញ៖ ផ្លូវល្បឿនលឿនទី១ របស់កម្ពុជា ដែលតភ្ជាប់រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរ និងបើកដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ ជាមួយនឹងលទ្ធផលជោគជ័យ នៃផ្លូវល្បឿនលឿនទី១ នេះ រាជរដ្ឋាភិបាលគ្រោងនឹង បើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនទី២ នាឆ្នាំក្រោយផងដែរ។

ផ្លូវល្បឿនលឿនទី២ ដែលតភ្ជាប់រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងបាវិត ស្ថិតក្នុងទីរួមខេត្តស្វាយរៀង គ្រោងនឹងបើក ការដ្ឋានសាងសង់ជាផ្លូវការ នាឆ្នាំ២០២៣ ខាងមុខនេះហើយ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ យោងតាមការបញ្ជាក់ របស់ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួង និងក្រុមហ៊ុនសាងសង់ផ្លូវថ្នល់ចិន ហៅកាត់ថា CRBC កាលពីពេលថ្មីៗនេះ បានឈានដល់ ការចុះអនុស្សរណៈយោគយល់ រួចរាល់ហើយ។

ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា តាមរយៈការចុះអនុស្សរណៈ យោគយល់នេះដែរ នឹងគូភាគី នឹងបន្តឈានដល់ ការចុះកិច្ចព្រមព្រៀងក្នុងខែវិច្ឆិកា ខាងមុខ ដើម្បីសិក្សាអំពីគម្រោងធំមួយនេះ ក៏ដូចជាការរៀបចំការដ្ឋានសាងសង់ ហើយនឹងឈានដល់ ការបើកការដ្ឋានសាងសង់ នាពាក់កណ្ដាលឆ្នាំ ២០២៣ ខាងមុខនេះឯង។ ការរៀបចំបាន យ៉ាងឆាប់រហ័សបែបនេះ ក៏ដោយសារតែក្រុមហ៊ុន CRBC របស់ចិន មានបទពិសោធន៍ ក្នុងកសារស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ កាលពីពេលកន្លងទៅ ដែលធ្វើឱ្យក្រុមហ៊ុន មានការយល់ដឹងច្រើន អំពីភូមិសាស្ត្រ អាកាសធាតុនៅកម្ពុជា។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនទី២ ដែលនឹងក្លាយជាសសៃឈាម សេដ្ឋកិច្ចដ៏សំខាន់រវាងកម្ពុជា និងប្រទេសវៀតណាម ដែលឆ្លងកាត់ខេត្តចំនួន៣ ដូចជា កណ្ដាល ព្រៃវែង និងស្វាយរៀង គ្រោងនឹងសាងសង់ឡើងដោយមាន រយៈទទឹងប្រវែង ២៥,៥ ម៉ែត្រ ដែលអាចបើកបើរបាន ៤ គន្លង ដោយទៅមាន ២គន្លង និងមកមាន ២គន្លង ជាមួយនឹងបណ្ដោយសរុប ប្រមាណជា ១៣៥ គីឡូម៉ែត្រ។ តាមការវាយតម្លៃ ផ្លូវល្បឿនលឿនទី២ នេះ គ្រោងនឹងចំណាយថវិកាសាងសង់ ប្រមាណជា ២ ពាន់លានដុល្លារអាមេរិក ថ្លៃជាងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដោយសារតែកន្លែងខ្លះ ជាកន្លែងលិចទឹក ដែលត្រូវចំណាយថវិកាច្រើន ដើម្បីធ្វើការសាងសង់៕