Heineken សម្រេចបោះជំហានបន្ថែម វិនិយោគបង្កើតរោងចក្រថាមពលកម្ដៅជីវម៉ាស នៅកម្ពុជា


ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្រាបៀរ ដែលមានភាពល្បីល្បាញ ទូទាំងពិភពលោក Heineken បានសម្រេចចិត្ត បោះទុនវិនិយោគបន្ថែមទៀត នៅកម្ពុជា នៅក្នុងវិស័យឧស្សាហកម្មថាមពល ដោយបង្កើតរោងចក្រថ្មីមួយ ដែលរួមចំនែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុល ចូលទៅក្នុងបរិយាកាស និងមានលទ្ធភាពបង្កើត ថាមពលកកើតឡើងវិញបាន (Renewable Energy)។

ក្រុមហ៊ុន Heineken បានសម្រេចបោះជំហានបន្ថែមទៀត តាមរយៈការបោះទុន វិនិយោគនៅកម្ពុជា ជាមួយការបង្កើត ក៏ដូចជាសម្ភោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រថាមពល កម្ដៅជីវម៉ាសដ៏ថ្មីស្រឡាងមួយ ដែលជាចំនែកមួយ ក្នុងការចូលរួមជាយុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា រយៈពេលវែង។ ការសម្ភោធដាក់ឱ្យ ប្រើប្រាស់រោងចក្រជីវម៉ាស ដ៏ថ្មីស្រឡាងមួយនេះ ប្រារព្ធឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ម្សិលមិញនេះ ក្រោមអធិបតីភាព ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មន្ត្រីចំណុះក្រសួង ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិក ក្រុមហ៊ុនជាច្រើន។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា ថ្ងៃនេះជាប្រវត្តិសាស្រ្ត ដែលក្រុមហ៊ុន Heineken បានឈានមួយជំហានទៀត ប្រកបដោយចក្ខុវិស័យ និង សុទិដ្ឋិនិយមតាមរយៈ ការពង្រីកវិសាលភាព វិនិយោគនៅកម្ពុជា ដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ រោងចក្រថាមពលកម្តៅជីវម៉ាស ស្របពេលដែលកម្ពុជា កាលពីចុងឆ្នាំ២០២១ ក៏បានដាក់ “យុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែងប្រកប ដោយអព្យាក្រឹតកាបូន” ស្របតាមការប្តេជ្ញាចិត្ត របស់សម្តេចតេជោ ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចទីពីរ ដែលបានកំណត់គោលដៅច្បាស់លាស់ សម្រាប់អព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០។

ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងគិតគូ ទៅលើការអនុវត្ដសេដ្ឋកិច្ចវិលជុំ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការជំរុញការកែច្នៃ និងការពង្រឹង ប្រសិទ្ធភាពថាមពល សំដៅលុបបំបាត់ ប្រភពបង្កើតសំណល់ និងកែច្នៃសំណល់ដែល បានបង្កើតឱ្យមានតម្លៃសេដ្ឋកិច្ច ដូចជាប្រែក្លាយសំណល់ ឱ្យទៅជាថាមពល ដែលអាចប្រើប្រាស់ និងផ្គត់ផ្គង់ដល់ដំណើរការ ខ្សែច្រវាក់ផលិតកម្ម នៅក្នុងរោងចក្រ ជាដើម។ រោងចក្រមួយនេះ នឹងរួមចំណែកក្នុងការ កាត់បន្ថយការបំភាយឧស្ម័នពុល ចូលទៅបរិយាកាស បានប្រមាណ ១៧,០០០ តោន ក្នុងមួយឆ្នាំ ស្របទៅនឹងគោលនយោបាយជាតិ រយៈពេលវែងរបស់ រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា រោងចក្រថាមពលកម្ដៅ ជីវម៉ាសរបស់ ក្រុមហ៊ុន Heineken នេះ បង្កើតឡើងក្រោម កិច្ចសហប្រតិបត្តិការជាមួយ ក្រុមអ្នកជំនាញរបស់សិង្ហបុរី បានចំនាយទុនវិនិយោគប្រមាណជា ៦ លានដុល្លារអាមេរិក ដែលបានចាប់ផ្ដើម ការដ្ឋានសាងសង់កាលពី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ រោងចក្រកម្ដៅជីវម៉ាស មួយនេះ បានគិតគូពីសុវត្ថិភាព សុខភាពរបស់បុគ្គលិក និង បរិស្ថានរបស់កម្ពុជា ពិតប្រាកដមែន តាមរយៈការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ខ្សែសង្វាក់ផលិតកម្ម ស្អាត ទំនើប ធំទូលាយ និងការទុកដាក់ វេចខ្ចប់ កែច្នៃការសំនល់ ប្រកបដោយលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ រោងចក្រនេះ នឹងរួមចំណែកផងដែរ ទៅដល់ទីផ្សារការងារ របស់ប្រជាពលរដ្ឋកម្ពុជា បន្ថែមទៀត នៅក្នុងវិស័យឧស្សាហកម្ម សម័យទំនើប៕