ផលិតផលក្នុងស្រុកសរុបកម្ពុជា អាចមានតម្លៃដល់ ៣២,៣ ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៣


របាយការណ៍ស្រាវជ្រាវពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា អាចនឹងកើនឡើងដល់ ៣២,៣ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២៣ ផលិតផលសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) នឹងមានតម្លៃ ១.៩២៤ ដុល្លារ ក្នុងមួយឆ្នាំ។

ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាកត្តាលីករយ៉ាងសំខាន់ សម្រាប់ជម្រុញផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជា អោយមានសន្ទុះឡើង និងអត្រាកំណើនសេដ្ឋកិច្ចខ្ពស់។ បើយោងតាមរបាយការណ៍ស្រាវជ្រាវ Investment Monitor’s 2022 បានបង្ហាញថា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជា ជាប្រទេសស្ថិតនៅលំដាប់ទី៣ មានកំណើនទុនវិនិយោគផ្ទាល់ ពីបរទេសល្អជាងគេ (Inward FDI Performance Index) បើធៀបទៅនឹងផលិតផល ក្នុងស្រុកសរុប (GDP)។

សូមបញ្ជាក់ផងដែរថា Inward FDI ជាទម្រង់វិនិយោគ ដែលក្រុមហ៊ុនបរទេស បានបណ្ដាក់ទុនបើកប្រតិបត្តិការក្រុមហ៊ុន ឬទិញយកក្រុមហ៊ុនក្នុងស្រុក ដែលមានស្រាប់។ កាលពីឆ្នាំ ២០២១ កម្ពុជា បានទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេស (Inward FDI) ចំនួន ១៥ គម្រោង បានផ្ដោតទៅលើវិស័យទេសចរណ៍ច្រើនជាងគេ ដោយក្នុងនោះមាន ៨ គម្រោងស្ថិតនៅរាជធានីភ្នំពេញ ហើយទុនវិនិយោគពីសិង្ហបុរី មានចំនួន ៦ គម្រោង ឬស្មើនឹង ៤០% ដែលឈានមុខគម្រោងវិនិយោគ ពីប្រទេសចិន។

ចាប់តាំងពីខែតុលា ឆ្នាំ២០២១ កម្ពុជា បានអនុវត្តច្បាប់វិនិយោគថ្មី អនុញ្ញាតិអោយគម្រោងវិនិយោគ និងអាជីវកម្មបរទេស បើកប្រតិបត្តិការ នៅក្នុងប្រទេសបាន ដោយកាន់កាប់ក្រុមហ៊ុន ១០០% ដោយគ្មានការកំណត់កម្មសិទ្ធនៃភាគហ៊ុន ឬប្រាក់ចាកចេញពីប្រទេសឡើយ។ ការអនុវត្តច្បាប់នេះ បានជួយផ្ដល់ឱកាសដល់សេដ្ឋកិច្ចជាតិ ធ្លាប់ពឹងផ្អែកលើកសិកម្ម ឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌ ធ្វើពិពិធកម្មមានចម្រុះភាពជាងមុន និងទាញវិនិយោគទុនបរទេស បានច្រើនជាងមុនផងដែរ។

គួររំលឹកថា យោងតាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជា ពីធនាគារពិភពលោក បង្ហាញថានៅឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជា អាចមានអត្រាកំណើន ៥,៤% និងអាចងើបទៅដូចដើមវិញ ៦,៦% នៅឆ្នាំ២០២៣។