យោងតាមការចេញផ្សាយដោយ គេហទំព័រផ្លូវការរបស់ក្រសួងបរិស្ថាន បានឱ្យដឹងអំពី ស្ថានីយផូស៊ីលអូរខ្ញាក់ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាស្ថានីយទី១ បានរកឃើញនៅឆ្នាំ២០១៧ ដោយ លោក លឹម វណ្ណច័ន្ទ, លោក នោង ទូច, លោក ងួន វ៉ាន់ដា និងក្រុមមន្រ្តីឧទ្យានុរក្ស ចំណុចនិយាមកា WGS1984 (488224-1534685)។
ស្ថានីយផូស៊ីលអូរខ្ញាក់ ស្ថិតនៅក្នុងអូរខ្មាក់ នៃតំបន់ទំនាបខាងជើង ស្ទឹងសែនប្រមាណ ៤ គីឡូម៉ែត្រ ស្ថិតនៅរយៈកម្ពស់ប្រមាណ ៧០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។ វាជាតំបន់ដីចាក់បង្គរចាស់ (Old Alluvium) តាមរយៈផែនទីតំបន់នេះ មានកំណត់ អក្សរកាត់ N2-Q1 ដើមស័ក Cenozoic (សេណូហ្សូអ៊ុក) (៦៦លានឆ្នាំ-បច្ចុប្បន្ន) ប៉ុន្តែអ្វីដែលក្រុមការងារ បានរកឃើញនៅទីនោះ ជាពពួកសត្វសមុទ្រលៀស គ្រំ ដែលកកជាថ្មកំបោរ ជម្រៅប្រមាណ២ម៉ែត្រ។ ភស្តុតាងដែលបានរកឃើញ អាចបញ្ជាក់ថាទីតាំងនេះ ជាអតីតសមុទ្រ កាលពីរាប់លានឆ្នាំមុន៕