តាមរយៈការបង្ហោះរូបភាព លើបណ្តាញសង្គមផ្លូវការ របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ទឹកធ្លាក់រលៀបគុយ មានទីតាំងស្ថិតនៅក្នុងដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្ភភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចម្ងាយ ១២០គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ។ ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ទឹកធ្លាក់រលៀបគុយ ប្រជុំទៅដោយទឹកធ្លាក់ច្រើន នឹងមានសម្រស់ដ៏ល្អឯក ដែលអាចអោយអ្នកទេសចរ ទទួលបានអារម្មណ៍ស្រស់ស្រាយ ពីខ្យល់បរិសុទ្ធ។
បើចង់មកកម្សាន្តនៅទឹកធ្លាក់រលៀបគុយ អ្នកអាចធ្វើដំណើរពីភ្នំពេញ ដល់ភូមិកោះខ្ទុម ចំនួន១១០គីឡូម៉ែត្រ (ឡាន/ម៉ូតូ) និងពីភូមិកោះខ្ទុម ដល់ទឹកធ្លាក់រលៀបគុយ ១០គម (ម៉ូតូ/ថ្មើរជើង)។ អ្នកទេសចរអាចបោះតង់ ពិសារអាហារ ស្តាប់សម្លេងសត្វយំ នាពេលរាត្រី និងសំរបខ្លួនជាមួយធម្មជាតិ។ សូមជម្រាបដែរថា ក្រសួងបរិស្ថាន ក៏បានបង្ហាញពី ដើមខោសភ្នំ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ផងដែរ។ ដើមខោសភ្នំជា ព្រឹក្សាកំពស់ ១២ម៉ែត្រ -១៨ម៉ែត្រ ដែលច្រើនដុះក្នុងព្រៃភ្នំ ដើមធំខ្ពស់ ហើយផ្លែវាជាចំណីរបស់សត្វព្រៃ ជាពិសេសសត្វខ្លាឃ្មុំ ចូលចិត្តស៊ីផ្លែខោសភ្នំ ហើយយើងក៍អាចយកផ្លែវា មកលីងធ្វើជាអាហារបានដូចគ្នាដែរ៕