កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ នៅទីក្រុងបាងកក ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូចូលរួម កិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ ថ្នាក់តំបន់លើកទី១ នៅក្នុងតំបន់អាស៊ី របស់វេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum Regional High-Level Dialogue for Asia)។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា វិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា កាន់តែមានសារៈសំខាន់ថែមទៀត សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៃប្រទេសនានា នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបង្ហាញជំនឿចិត្ត យ៉ាងមុតមាំថា កិច្ចប្រជុំពេញអង្គនេះ នឹងផ្តល់ប្រយោជន៍ជាច្រើន ក្នុងការពិភាក្សាផ្លាស់ប្តូរគំនិត និងចែករំលែកបទពិសោធន៍ ព្រមទាំងការអនុវត្តល្អៗរវាងគ្នានិងគ្នា និងបានស្នើឱ្យសមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល ចូលរួមគិតគូរឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីស្វែងរកដំណោះស្រាយ ដែលអាចទៅរួច សម្រាប់វិស័យដឹកជញ្ជូន នាពេលអនាគត នៅក្នុងតំបន់អាស៊ីរបស់យើង។ ជាលទ្ធផលនៃការពិភាក្សា ក្នុងកិច្ចប្រជុំនេះ នឹងត្រូវបានយកទៅអនុវត្ត ដើម្បីបន្តទៅកាន់កិច្ចប្រជុំកំពូល របស់វេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) នាឆ្នាំ២០២៣ខាងមុខ ដែលជាសម័យប្រជុំលើកទី៧ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (UN-ESCAP) ស្តីពីការដឹកជញ្ជូន និងព្រឹត្តិការណ៍ដឹកជញ្ជូនសកល និងក្នុងតំបន់ផ្សេងទៀត ក្នុងឆ្នាំ២០២២ និង២០២៣។
គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា គឺជាកត្តាជំរុញដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍ និងជាកត្តាជំរុញ ឱ្យមានកំណើនសេដ្ឋកិច្ចជាវិជ្ជមាន ក៏ដូចជារឹតបន្តឹង បរិយាប័ន្នសង្គមផងដែរ។ វេទិកាដឹកជញ្ជូនអន្តរជាតិ កាលពីឆ្នាំ២០២១ (The ITF Transport Outlook 2021) បានព្យាករណ៍ថា តម្រូវការដឹកជញ្ជូន សម្រាប់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញ នឹងកើនឡើងយ៉ាងខ្លាំង នៅក្នុងទសវត្សរ៍ខាងមុខ។ ជាពិសេសនៅក្នុងតំបន់អាស៊ី ដែលវាឆ្លុះបញ្ចាំងពី ការអភិវឌ្ឍសេដ្ឋកិច្ច និងការតភ្ជាប់ដែល មានភាពប្រសើរឡើង ហើយតម្រូវការដឹកជញ្ជូន អ្នកដំណើរទូទាំងពិភពលោក ត្រូវបានព្យាករណ៍ថា នឹងកើនឡើងបីដងនៅឆ្នាំ២០៥០។