យោងតាមទិន្នន័យផ្លូវការ ដែលបានចេញផ្សាយដោយ Channel News Asia បានបង្ហាញថាអតិផរណាស្នូល មិនរាប់បញ្ចូលថ្លៃស្នាក់នៅ និងថ្លៃដឹកជញ្ជូនឯកជន ប្រទេសសិង្ហបុរី បានធ្លាក់ចុះបន្តិចមកនៅត្រឹម 5.1 ភាគរយវិញ នៅក្នុងខែតុលាកន្លងទៅនេះ ដែលវាជាសញ្ញាបង្ហាញពី ភាពធូរស្រាលលើកទីមួយហើយ ចាប់តាំងពីខែកុម្ភៈឆ្នាំ 2022 នេះមក។ ជាក់ស្ដែង កំណើនអតិផរណាស្នូល ដែលទទួលបានពីខែកញ្ញា មានត្រឹមតែ 5.3 ភាគរយប៉ុណ្ណោះ តែការកើនឡើង នៃតម្លៃអគ្គិសនី និងឧស្ម័ន ការលក់រាយ និងទំនិញ និងសេវាកម្មផ្សេងទៀត ស្ថិតក្នុងកម្រិតខ្ពស់ដដែល។
ចំណែកឯសន្ទស្សន៍ តម្លៃទំនិញប្រើប្រាស់ទូទៅ ឬអតិផរណារួម គឺមានត្រឹម 6.7 ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ គិតក្នុងខែតុលា ដែលទាបជាងខែកញ្ញា ដែលមានដល់ 7.5 ភាគរយ ដោយសារអតិផរណា ដឹកជញ្ជូនឯកជនបានធូរស្រាល រួមជាមួយនឹងកម្រិតមធ្យម នៃអតិផរណាស្នូល។ ដូចគ្នានេះដែរ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) និងក្រសួងពាណិជ្ជកម្មផ្ទាល់ បាននិយាយថា អតិផរណាស្នូលនេះ ត្រូវបានព្យាករណ៍ថា នឹងអាចស្ថិតក្នុង កម្រិតធូរស្រាលដូចនេះដដែល នៅប៉ុន្មានត្រីមាសបន្ទាប់ មុនពេលថយចុះ គួរឱ្យកត់សម្គាល់ នៅក្នុងអំឡុងពាក់កណ្ដាលឆ្នាំ 2023 ខាងមុខ ដោយសារភាពតឹងតែង នាពេលបច្ចុប្បន្ន នៅក្នុងទីផ្សារការងារក្នុងស្រុក បានធូរស្រាល ហើយអតិផរណាពិភពលោក ក៏មានកម្រិតមធ្យម។
គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំ 2022 ទាំងមូល អតិផរណាសរុបរបស់សិង្ហបុរី ត្រូវបានគេរំពឹងថា នឹងមានជាមធ្យមប្រហែល 6 ភាគរយ និងអតិផរណាស្នូលប្រហែល 4 ភាគរយ។ ខណៈដែរអតិផរណាដឹកជញ្ជូនឯកជន បានធ្លាក់ចុះមកនៅត្រឹម 17.3 ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងខែតុលា ដោយសារការកើនឡើងយឺត នៃតម្លៃរថយន្ត និងប្រេងឥន្ធនៈ។ ទន្ទឹមនឹងនេះ អតិផរណាអគ្គិសនី និងឧស្ម័នបានធ្លាក់ចុះ មកនៅត្រឹម 19 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងខែតុលាពី 23.9 ភាគរយនៅក្នុងខែកញ្ញា ដោយសារការកើនឡើងតិចតួច នៃតម្លៃអគ្គិសនី និងឧស្ម័ន។ តែយ៉ាងណាមិញ អតិផរណាម្ហូបអាហា របានកើនឡើងដល់ 7.1 ភាគរយ នៅក្នុងខែតុលា ដោយសារអតិផរណាខ្ពស់ សម្រាប់សេវាម្ហូបអាហារ។