ដែនជម្រកសត្វព្រៃលំផាត់ កំពុងត្រូវបានការអភិរក្ស និងធ្វើដំណើរឆ្ពោះទៅរកនិរន្តរភាព យ៉ាងពិតប្រាកដ!


យោងតាមបទយកការណ៍ ដោយក្រសួងព័ត៌មាន បានបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់ នៃតំបន់ទេសភាព ខ្ពង់រាបខាងកើត ដែលត្រូវបានបង្កើតឡើង ដោយព្រះរាជក្រឹត្យនៅឆ្នាំ ១៩៩៣ លើផ្ទៃដីសរុបចំនួន ២៥,០០០០ ហិកតា លាតសន្ធឹងក្នុងខេត្តរតនគិរី ប្រមាណជា ៨០ភាគរយ នៃផ្ទៃដែនជម្រកសរុប និងខេត្តមណ្ឌលគិរី ប្រមាណ២០ភាគរយ កំពុងតែធ្វើដំណើរឆ្ពោះ ទៅរកនិរន្តភាពនៃ ការអភិរក្ស ក្រោមគម្រោងរេដបូក (REDD+)។

ជាក់ស្ដែង ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជនបង្គោលរេដបូកជាតិ បានថ្លែងកាលពីពេលថ្មីៗ កន្លងទៅនេះថា ជម្រកសត្វព្រៃលំផាត់ ត្រូវបានដាក់បញ្ជូល គម្រោងអភិរក្ស និងឆ្ពោះទៅរកនិរន្ដភាពជាច្រើន ដូចជាគម្រោងការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការពារតំបន់ទេសភាព ព្រៃឈើដែនជម្រកសត្វព្រៃលំផាត់ ការលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍប្រកបដោយ និរន្តរភាពនៅទីតាំង គម្រោងថែមទៀតផង។ ឯកឧត្តម បានកត់សម្គាល់ឃើញថា នៅក្នុងក្របខណ្ឌអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ នៅកម្រិតសាកល គម្រោងឥណទានកាបូន ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ ចំពោះការអនុវត្តបានជោគជ័យ និងអាចលក់កាបូន នៅលើទីផ្សារ។

បន្ថែមពីនេះ យោងតាម លោក ប៊ូ វរសក្ស នាយកប្រត្តិបត្តិ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា នៅក្នុងរយៈពេល ៥ឆ្នាំដំបូង កម្ពុជាអាចស្រូបកាបូន នៅក្នុងចន្លោះប្រហែលជា ៥៧៦ ០០០តោន ពោលគឺប្រមាណជា ១១៥ ០០០ តោនក្នុងមួយឆ្នាំ នៅលើទំហំផ្ទៃដី ប្រមាណជាជាង ១៣ម៉ឺនហិកតា នៅក្នុងដែនជម្រក សត្វព្រៃលំផាត់ទាំងមូលនេះ។ លើសពីនេះ លោកស្រី វេនេស្កា ឡីតហ្ស៍ (Vaneska Litz) បានឱ្យដឹងថា USAID មរតកបៃតង ក៏បានសម្រេចគាំទ្រ គម្រោងនេះផងដែរ ដោយសារការទទួលស្គាល់ ការប្ដេជ្ញាចិត្ត យូរអង្វែងរបស់អង្គការ ជីវិតសត្វស្លាបអន្តរជាតិ/ជីវិតធម្មជាតិនៅកម្ពុជា ក្នុងការអភិរក្ស ដែនជម្រកសត្វព្រៃលំផាត់ និងបានបញ្ជាក់ប្រាប់ អ្នកចូលរួមទាំងអស់ថា USAID មរតកបៃតងក៏មានការប្ដេជ្ញាចិត្ត ដូចគ្នាចំពោះការអភិរក្ស និងចំពោះអនាគត នៃដែនជម្រកនេះដែរ។

ដែនជម្រកសត្វព្រៃលំផាត់នេះ គឺជាទីតាំងមួយ ដ៏សំខាន់នៅក្នុងការ អភិរក្សធនធានសត្វព្រៃ ជាពិសេសគឺបក្សីកម្រៗ និងជិតផុតពូជ ដែលនៅក្នុងនោះរួមមាន ត្រយងយក្ស ដែលជានិមិត្តសញ្ញាបក្សីជាតិកម្ពុជា ដែលនៅលើពិភពលោក មានប្រមាណជា ៣០០ក្បាល ហើយនៅលំផាត់នេះ មានប្រមាណជា ៣០ ក្បាល ស្មើនឹងជាង ១០ ភាគរយ ហើយយើងនៅមាន សត្វត្រយងចង្កំកស ត្រដក់ ត្មាតភ្លើង រមាំង ក្ងោក ក្រៀល ជាដើម ដែលមានទីតាំងសំបុកពងកូន។ ទន្ទឹមនឹងនេះ ទីនោះក៏ធ្លាប់មាន វត្តមានខ្លាធំជាដើម បើទោះបីពេលនេះ វាបានបាត់ដានហើយក៏ដោយ៕