ហ្វីលីពីន អនុម័តការដកពន្ធលើរថយន្តអគ្គិសនី (EVs) និងគ្រឿងបន្លាស់ សម្រាប់រយៈពេល ៥ ឆ្នាំ


យោងតាមសម្ដី របស់ក្រុមប្រឹក្សាអន្តរទីភ្នាក់ងារ របស់ប្រទេសហ្វីលីពីន ដែលដឹកនាំដោយ ប្រធានាធិបតី Ferdinand Marcos Jr កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ បានឲ្យដឹងថា រដ្ឋាភិបាលហ្វីលីពីន បានសម្រេចអនុម័ត លើការដកពន្ធចេញពី រថយន្តដែលជាប្រភេទអគ្គិសនី (EVs) ទាំងស្រុង ដើម្បីជំរុញតម្រូវការប្រើប្រាស់ រថយន្ដអគ្គិសនីក្នុងប្រទេស ឲ្យកាន់ច្រើនឡើង ស្របពេលដែល តម្លៃប្រេងឥន្ធនៈកំពុងឡើងខ្ពស់។

មិនត្រឹមតែប៉ុណ្ណោះ លោក Marcos នឹងចេញ បទបញ្ជាប្រតិបត្តិមួយ ដោយកាត់បន្ថយពន្ធ 0% នៃពន្ធលើរថយន្ត EV រហូតដល់ទៅ 5 ឆ្នាំឯណោះ ហើយរថយន្ដអគ្គិសនី ដែលលើកលែងពន្ធនេះ មានដូចជា រថយន្តដឹកអ្នកដំណើរ ឡានក្រុង ឡានដឹកទំនិញ ម៉ូតូ និងកង់ និងគ្រឿងបន្លាស់របស់ ប្រភេទរថយន្ដអគ្គិសនីជាដើម។ គួរបញ្ជាក់ផងដែរថា ពន្ធលើការនាំចូលរថយន្ដអគ្គិសនី របស់ប្រទេសហ្វីលីពីន នាពេលបច្ចុប្បន្ននេះ មានចាប់ពី 5% ទៅ 30%។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់នៅក្នុង ប្រទេសហ្វីលីពីនត្រូវចំណាយពី 21,000 ទៅ 49,000 ដុល្លារសម្រាប់រថយន្ត EV ធៀបនឹងតម្លៃ 19,000 ទៅ 26,000 ដុល្លារសម្រាប់រថយន្តធម្មតា។ ដោយឡែកសម្រាប់ អត្រាពន្ធលើរថយន្តប្រភេទកូនកាត់ ឬ Hybrid នឹងមិនផ្លាស់ប្តូរ ឬកាត់បន្ថយនោះទេ។

យោងតាមទិន្នន័យពី រដ្ឋបាលពាណិជ្ជកម្មអន្តរជាតិ របស់សហរដ្ឋអាមេរិក បង្ហាញទៀតថា ក្នុងចំណោមរថយន្ត ជាងប្រាំលានគ្រឿង ដែលបានចុះបញ្ជីរបស់ប្រទេសខ្លួន មានត្រឹមតែ 9,000 គ្រឿងប៉ុណ្ណោះជារថយន្តអគ្គិសនី ដែលភាគច្រើនជា រថយន្តដឹកអ្នកដំណើរ។ ខណៈរថយន្ត EV ផ្ទាល់ខ្លួន មានត្រឹមតែ 1% ប៉ុណ្ណោះ នៃទីផ្សារសរុប ហើយភាគច្រើនត្រូវបាន ប្រើប្រាស់ដោយអ្នកមានៗប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា វិស័យយានយន្ត របស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ភាគច្រើននៅពឹងផ្អែក លើប្រេងឥន្ធនៈ ដែលនាំចូលនៅឡើយ។