កោះព្រហ្មចារីយ៍ សហគមន៍ទេសចរណ៍ដ៏ស្រស់ត្រកាល នៅកណ្ដាលជលសា ដែលពុំសូវមានអ្នកស្គាល់ច្រើន!


កោះព្រហ្មចារីយ៍ គឺជាសហគមន៍ទេសចរណ៍លាក់ខ្លួន និងជាសហគមន៍អេកូទេសរណ៍ថ្មីមួយ ឲដែលស្ថិតនៅចំកណ្ដាលទន្លេមេគង្គ ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រពីទីរួមខេត្ត។ សហគមន៍នេះទើបតែ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២០ ដោយមានការជួយជ្រោមជ្រែងពី មន្ទីរទេសចរណ៍ខេត្តក្រចេះ និងអង្គការ WWF។

នៅលើកោះនេះ មានសោភ័ណភាពស្រស់ស្អាត និងប្លែកភ្នែកខ្លាំង ដោយសារតែមានដើមឈើធំៗ ដុះពេញនៅលើកោះ ផ្ដល់ជាម្លប់ត្រឆឹងត្រឆី បូករួមនឹងបរិយាកាសស្ញប់ស្ញាត់ គួឲ្យចង់ទៅសម្រាកលំហែកាយ។ អ្វីដែលជាភាពទាក់ទាញបំផុតនោះគឺ កោះព្រហ្មចារីយ៍នេះជាកោះដែល ដុះលើផ្ទៃទឹកទន្លេ មានខ្សាច់សក្បុសនិង សម្បូរទៅដោយតំបន់ ព្រៃលិចទឹក ដែលជាជំរកត្រីពងកូនផងដែរ។

ដើមឈរដុះឬសដែលជា ជំរកសត្វស្លាបគ្រប់ប្រភេទ បានដុះជាជួរៗ នៅតាមជ្រលងទឹកហូរ លើខ្សាច់រឹមៗ គួរឱ្យចង់គយគន់ ហើយអ្នកទេសចរក៏អាច ងូតទឹកលេងកម្សាន្តបាន។ ក្រៅពីនោះក៏នៅមាន បណ្តុំកោះតូចៗនៅក្បែរៗនោះ បានដុះអមសងខាង កណ្តាលខ្សែទឹកហូរ ពីដងទន្លេមេគង្គ ដែលជាទិដ្ឋភាពមួយ គួរឲ្យទាក់ទាញ។

សម្រាប់សកម្មភាពទេសចរវិញ មានដូចជា៖ ការជិះទូកលេងកម្សាន្ត ទស្សនាដើមឈើ ដែលដុះនៅលើកោះ សម្រាកលំហែកាយ នៅលើឆ្នេរខ្សាច់ លេងទឹកកម្សាន្ត បោះតង់ ញ៉ាំអាហារ និងថតរូបទុកជា អនុស្សាវរីយ៍ជាដើម។