ភូមិចំនួន៤ ស្ថិតនៅខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសជាភូមិអស់មីន


លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ បានចូលរួមក្នុងពិធី អបអរសាទការប្រកាសភូមិចំនួន ៤ រួមមានភូមិបេង នៃឃុំស្តុក ភូមិដូនតី ភូមិត្រពាំងថ្ម ភូមិរលាំងទឹក នៃឃុំស្រង់ ត្រូវបានប្រកាសបិទ ការដ្ឋានបោសសម្អាតមីន និងប្រកាសជាភូមិអស់មីន ដែលធ្វើឡើងនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣ នៅភូមិសាស្ត្រឃុំស្តុក ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធាន ប្រតិបត្តិករបោសសម្អាតមីន បានថ្លែងថា បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ គ្រាប់មីននិងយុទ្ធភណ្ឌ មិនទាន់ផ្ទុះជាច្រើន ត្រូវបាននៅសេសសល់ កប់ក្នុងដី ដែលតែងតែបង្កជាហានិភ័យ ដល់អាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិប្រជាជន។ ហេតុនេះហើយ ទើបអាជ្ញាធរមីនកម្ពុជា ផ្តល់សេចក្តីទុកចិត្ត និងសម្រេចប្រគល់ ការដ្ឋានបោសសម្អាតមីន នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដល់មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព ដើម្បីធ្វើប្រតិបត្តិការ បោសសម្អាតមីន លើផ្ទៃដីធ្លាប់មានគ្រោះថ្នាក់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្ត គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្រោមប្រធានបទ “ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម” និងដើម្បីឆ្ពោះទៅរក កម្ពុជាគ្មានមីនឆ្នាំ២០២៥។

ឯកឧត្តម សែម រតនា បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិ បានធ្វើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ ផ្ទុះ នៅការដ្ឋានផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ មានទំហំផ្ទៃសរុប ២ ៥៦២ ២៨៧ម៉ែត្រក្រឡា រួចរាល់ជាស្ថាពរ ដែលជាសមិទ្ធផលទី១, សមិទ្ធផលទី២ មជ្ឈមណ្ឌលជាតិ បានធ្វើការបោសសម្អាតមីន និងប្រកាសភូមិវាល ជាភូមិអស់មីន, ហើយសមិទ្ធផលទី៣នេះ គឺមានចម្ការ មីនចំនួន៥ ក្នុងភូមិសាស្ត្រឃុំស្រង់ និងឃុំស្តុក ត្រូវបានប្រកាសថា អស់មីននៅថ្ងៃនេះ ដែលការដ្ឋានចម្ការ មីននេះ គឺធ្វើការបោសសម្អាតមីន រយៈពេល៣ខែ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លើផ្ទៃដីសរុបចំនួន ២៩៩ ២៩៤ម៉ែត្រក្រឡា ដោយបានរកឃើញមីន ប្រឆាំងមនុស្សជាតិ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៤៩គ្រាប់ និងអំបែងចំនួន ៩៧៤ដុំ ដែលនេះសម្រាប់តែ ការងារសម្រាប់ខេត្តកំពង់ស្ពឺ។

ឯកឧត្តម បញ្ជាក់ថា មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអន្តរជាតិ បានចែករំលែកជំនាញ និងបទពិសោធន៍ តាមរយៈការបញ្ជូន កងកម្លាំងរក្សាសន្តិភាព ចូលរួមបេសក កម្មក្រោមឆ័ត្រអង្គការ សហប្រជាជាតិ ក្នុងភារកិច្ចបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម ជាលក្ខណៈមនុស្សធម៌ នៅប្រទេសចំនួន៥ នៅទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប រួមមាន៖ ប្រទេសស៊ូដង់, ម៉ាលី, សាយប្រឹស, លីបង់, និងប្រទេសអាហ្វ្រិកកណ្តាល ៕