ដំណើរផ្សងព្រេងដ៏ព្រឺព្រួច ជាមួយគម្រោងតង់បណ្ដែតខ្លួន លើអាកាស នៅក្នុងជ្រលងភ្នំរបស់អារ៉ាប់!


មានអ្នកផ្សងព្រេងជាច្រើន នៅជុំវិញពិភពលោក តែងតែចង់ស្គាល់ ឬភ្លក្សរស់ជាតិនៃការធ្វើដំណើរ របស់ខ្លួនឱ្យកាន់តែមានន័យ ដោយខ្លះជ្រើសរើស ការផ្សងព្រេងបែបសាមញ្ញធម្មតា ហើយខ្លះទៀតជ្រើសរើស យកការផ្សងព្រេងប្រកបដោយ គ្រោះថ្នាក់ជាដើម។ ដើម្បីឆ្លើយតបទៅនឹង ការផ្សងព្រេងក្នុងកម្រិតមួយថ្មីទៀត ក្រុមស្ថាបត្យករ បានគូសប្លង់នៃការរៀបចំ តង់គេងនៅកណ្ដាលជ្រលងភ្នំ ដែលពិភពលោកពុំធ្លាប់ បានឃើញពីមុនមក។

ក្រុមស្ថាបត្យករមកពីទីក្រុងឌុយប៉ៃ បានធ្វើឱ្យពិភពលោក ចាប់អារម្មណ៍អំពីគំនិត ច្នៃប្រឌិតរបស់ពួកគេ ក្នុងការបង្កើតឱ្យមាន តង់ដ៏ចម្លែកមួយសំរាប់សំរាក នៅពេលធ្វើដំណើរផ្សងព្រេង ដែលលក្ខណៈពិសេស របស់វាគឺការសំរាក និងទស្សនាទេសភាពដ៏ត្រកាល ដែលមិនមែននៅលើដី លើថ្ម លើទឹក ឬលើដើមឈើនោះទេ តែនៅលើលំហរអាកាសតែម្ដង។ តង់នេះ ត្រូវបានឱ្យដឹងថាជាប្រភេទ City Hanging Pods ដែលទម្លាក់ខ្លួនមកក្រោម តាមខ្សែកាប្លិ៍ដ៏រង់ចាំនៅជ្រលងភ្នំ ដ៏ធំមួយនៅអារ៉ាប់រួម។

តាមការបញ្ជាក់របស់ ក្រុមស្ថាបត្យករ Ardh Architechs បានបញ្ជាក់ថា តង់លើអាកាស (The Hanging Retreat) នេះគឺជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកចូលចិត្តឡើងភ្នំ ឡើងថ្មតាមជម្រាលភ្នំ ឬជ្រលងភ្នំ ប្រកបដោយគ្រោះថ្នាក់ជាដើម ព្រោះថាតង់នេះមានកម្ពស់ខ្ពស់ពីដី ដែលអ្នកខ្លាចខ្ពស់ពុំត្រូវបាន អនុញ្ញាតឱ្យចូលស្នាក់នៅនោះទេ។ តង់នីមួយៗអាចមើលឃើញ ដល់ក្នុង និងមានថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ជាមួយនឹង ឧបករណ៍អេឡិកត្រូនិចផ្សេងៗ ក៏ដូចជាប្រើប្រាស់ ក្នុងពេលរាត្រីផងដែរ។

ក្រៅពីទីតាំងប្រកបដោយភាពព្រឺព្រួច តង់បណ្ដែតខ្លួនលើអាកាសនេះ ក៏នឹងផ្ដល់នូវសេវាកម្មជាច្រើន ទៅដល់អតិថិជនផងដែរ តាមរយៈកម្មវិធីផ្សងព្រេង នៅក្នុងតំបន់ ការជិះកង់ ឡើងភ្នំ ឡើងថ្ម និងសកម្មភាពជាច្រើនផ្សេងៗទៀត ដែលផ្ដោតសំខាន់ ទៅលើការផ្សងព្រេង។ មិនតែប៉ុណ្ណោះអនាម័យ គឺជាកត្តាដ៏សំខាន់ ដោយបន្ទប់អនាម័យ ត្រូវបានរៀបចំនៅខាងលើ ដោយម្ចាស់តង់ ត្រូវឡើងទៅលើ ដើម្បីប្រើប្រាស់ តែអាចទទួលទានអាហារ និងភេសជ្ជៈនៅក្នុង តង់បានជាធម្មតា។

បើទោះបីជាគម្រោងនេះ គ្រាន់តែជាការច្នៃប្រឌិតក៏ពិតមែន តែប្រហែលជាថ្ងៃអនាគត វាអាចនឹងលេចចេញជា រូបរាងក្រោមការបោះទុន វិនិយោគពីវិនិយោគិនក្នុង ឬក្រៅស្រុកនៅអារ៉ាប់ ព្រោះថាអារ៉ាប់បានកំពុង តម្រង់ទិសវិស័យទេសចរណ៍របស់ខ្លួន ឱ្យកាន់តែប្រសើរឆ្ពោះ ទៅកាន់ឆ្នាំ២០៣០ និងបន្តទៅថ្ងៃអនាគតបន្ថែមទៀត ធ្វើយ៉ាងណាទាក់ទាញភ្ញៀវ ឱ្យបានច្រើនមកពី ជុំវិញពិភពលោក៕