កម្ពុជា នឹងបើកយុទ្ធនាការរាប់ថយក្រោយ ១០០ ថ្ងៃ ដើម្បីឆ្ពោះទៅស៊ីហ្គេម នៅទូទាំងប្រទេស


ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ប្រមាណជិត ៧ពាន់នាក់ ដែលបានធ្វើឡើង កាលពីថ្ងៃទី២៣ ខែមករា ២០២៣ ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ជំរុញឱ្យប្រកាស បើកយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ តទៅ ដើម្បីឆ្ពោះទៅស៊ីហ្គេម និងផ្សព្វផ្សាយ នៅទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី ២៥ ខែ មករា ខាងមុខនេះ គឺជាថ្ងៃដែលយើងត្រូវ ធ្វើយុទ្ធនាការរាប់ថយក្រោយ ១០០ ថ្ងៃ។ សូមកុំភ្លេចពេលនោះ ធ្វើឱ្យផ្ទុះនៅទូទាំងប្រទេសឡើង។ សម្តេចតេជោថ្លែងបញ្ជាក់ថា៖ «កម្ពុជាត្រូវរង់ចាំរយៈពេល ៦០ ឆ្នាំ ហើយម្ខាងដោយសារ សភាពការណ៍, ម្ខាងទៀតយើងមានអំណោយ ពីសន្តិភាពតែយើង អត់ហេដ្ឋារចនាសម្ព័ន្ធ។ តែឥឡូវយើងមានលទ្ធភាព នឹងបើកស៊ីហ្គេមនៅឆ្នាំនេះ។ កម្មវិធីនេះអាចជាន់នឹង កិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី នៅខែឧសភាដែរ។ ដូច្នេះប្រហែលជាខ្ញុំគ្រាន់តែ ទៅបើកហើយត្រឡប់មកវិញ»។ សម្តេចតេជោ បានលើកឡើងទៀតថា ពេលនេះជាឱកាសរបស់កម្ពុជា ហើយឱកាសរបស់កម្ពុជា បីឆ្នាំជាប់ៗគ្នា ២០២១ កម្ពុជាធ្វើជាប្រធាន អង្គប្រជុំអាស៊ីអឺរ៉ុបដែលមាន ៥២ ប្រទេសចូលរួម និងទទួលបានជោគជ័យ ក្នុងការធ្វើប្រធានអាស៊ីអឺរ៉ុប។

នៅឆ្នាំ ២០២២ យើងធ្វើជាប្រធានអាស៊ានប្ដូរវេន ដែលជាជោគជ័យមហិមា សម្រាប់ជាតិ និងប្រជាជន ហើយក៏មិនមែនសម្រាប់តែសម្ដេច និងរាជរដ្ឋាភិបាលទេ តែវាជាជោគជ័យ របស់ជាតិទាំងមូល អំពីការខិតខំធ្វើឱ្យចេញជាង ១០០ ឯកសារ ត្រូវបានអនុម័ត។ ទន្ទឹមនេះ បើបូកទាំងឯកសារ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ឯកសារនៃកិច្ចប្រជុំ ក្រសួងការពារជាតិ ឯកសារនៃកិច្ចប្រជុំ ក្រុមប្រឹក្សាសេដ្ឋកិច្ច ។ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី បានអះអាងថា ប្រទេសទីម័រលេស្តេ ប្រឹងប្រែងអស់ជាង ១០ឆ្នាំមកហើយ នោះក៏បានចូលជា សមាជិកអាស៊ាន ហើយដែលអាចនឹងចូលរួម ប្រជុំពេញលេញនៅឆ្នាំ២០២៣។ សម្តេចតេជោបន្តថា នៅឆ្នាំ២០២៣ នេះកម្ពុជានឹងធ្វើជា ម្ចាស់ផ្ទះនៅក្នុងការប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡាករ កីឡាការិនីរាប់ពាន់នាក់ នឹងអញ្ជើញមកចូលរួម នៅរាជធានីភ្នំពេញ សម្រាប់ការប្រកួតស៊ីហ្គេម និងប្រកួតប៉ារ៉ាហ្គេម។