ខេត្ដសៀមរាប ទទួលបានភ្ញៀវទេសចរជាង ៧ពាន់នាក់ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម (២១ ដល់ ២២ ខែមករា) នេះ


យោងតាមរបាយការណ៍ ចេញផ្សាយដោយមន្ទីរទេសចរណ៍ ខេត្តសៀមរាប កាលពីបានថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដែលដើរកម្សាន្តនៅតាម រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កន្លងទៅ មានចំនួនសរុបប្រមាណ ៧២ ៩១៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៦៤ ០០០ នាក់ ដែលធ្វើដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ។

ដោយឡែក នៅខាងខេត្ដកំពតឯណោះវិញ យោងតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ី ណុល បានឱ្យដឹងថា ក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ក្នុងប្រទេស បានមកសម្រាកកម្សាន្តក្នុងខេត្តកំពត មានសរុបចំនួនរហូតដល់ ៣ម៉ឺននាក់ឯណោះ។ លោកប្រធានមន្ទីរបានបន្ថែមថា យោងតាមរបាយការណ៍ កក់បន្ទប់ស្នាក់នៅ កាលពីថ្ងៃទី២ នៃ ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចំនួនអ្នកកក់ នៅតិចនៅឡើយ ប្រមាណជា ៤០%ប៉ុណ្ណោះ ក្នុងចំណោមបន្ទប់ស្នាក់នៅ សរុបជាង៤ពាន់បន្ទប់ ។

ខណៈថ្ងៃទី៣នេះ ចំនួនភ្ញៀវកក់បន្ទប់មានការកើនឡើង សម្រាប់បឹងហ្គាឡូ រីស៊ត និងសណ្ឋាគារធំៗ ដោយការកក់ស្ថិតក្នុងរង្វង់ ៧០% ហើយភ្ញៀវមកលេងខេត្តកំពត ភាគច្រើនចូលចិត្ត (Walk In) គឺនៅពេលចូល មកដល់ស្នាក់នៅតែម្តង។ កាលពីថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ម្សិលមិញ ទិដ្ឋភាពជារួមនៅក្នុងក្រុងកំពត បានចាប់ផ្តើមមានភាពអ៊ូអរ និងមានសកម្មភាពធ្វើដំណើរ នៅលើដងផ្លូវសំខាន់នានាក្នុងក្រុង មានភាពមមាញឹកខ្លាំង។