កម្ពុជា មានកិច្ចព្រមព្រៀងបី ដែលជាកាតាលីករ ក្នុងការទាក់ទាញ គម្រោងវិនិយោគឧស្សាហកម្ម


យោងតាមប្រសាសន៍របស់ ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត និងនវានុវត្តន៍ បានមានប្រសាសន៍ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះថា ការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្ម បានផ្តល់ឱ្យកម្ពុជា នូវទីផ្សារនាំចេញកាន់តែធំ សម្រាប់ផលិតផលផលិតក្នុងស្រុក។ ជាពិសេសកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាកាតាលីករ ក្នុងការទាក់ទាញគម្រោង វិនិយោគឧស្សាហកម្ម បន្ថែមចូលមកកម្ពុជា ។

ឯកឧត្តម ហេង សុគង់ បានថ្លែងបញ្ជាក់ទៀតថា “សម្រាប់២០២៣ យើងមានសុទិដ្ឋិនិយមខ្ពស់ ក្នុងទាក់ទាញវិនិយោគ បន្ថែមទៀត ដោយសារកម្ពុជា មានសុខសន្តិភាព និងការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អប្រសើរ ដែលនាំទៅ បើកសកម្មសង្គម សេដ្ឋកិច្ចពេញលេញ”។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ចូលជាធរមាននៅដើមឆ្នាំ ២០២២ ខណៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មកម្ពុជា-កូរ៉េ ចូលជាធរមាន នៅខែធ្នូឆ្នាំ២០២២។

ជាក់ស្ដែង នៅឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រ សហគ្រាសថ្មី ចំនួន ១៨៦ រោងចក្រ ដែលធ្វើឱ្យចំនួនរោងចក្រ សហគ្រាសសរុប នៅប្រទេសកើនដល់ ១ ៩៨២ រោងចក្រ។ នាឆ្នាំ២០២២ រោងចក្រសហគ្រាស កំពុងបើកដំណើរការចំនួន ១ ៩៨២ រោងចក្រ មានទុនវិនិយោគសរុប ១៦ ៦៩០ លានដុល្លារ កើនឡើងពី ១៣ ៨១១ លានដុល្លារក្នុងឆ្នាំ២០២១។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា បើទោះបីជាមាន បញ្ហាប្រឈម នឹងវិបត្តិជាសកល ដូចជាសង្រ្គាមនៅអ៊ុយក្រែន វិបត្តិថាមពល និងហិរញ្ញវត្ថុ ក៏កម្ពុជានៅតែមានសក្តានុពល និងលទ្ធភាពទាក់ទាញ វិនិយោគដោយសារកម្ពុជា គ្រប់គ្រងវិបត្តិសុខភាព សាធារណបានល្អប្រសើរ ធៀបនឹងប្រទេស ក្នុងតំបន់ដដែល។