កម្ពុជា រំពឹងថានឹងទទួលបាន ភ្ញៀវទេសចរចិនខ្ទង់ ២លាននាក់ នៅឆ្នាំ ២០២៣ នេះ


បន្ទាប់ពីប្រទេសចិន បានប្រកាសពីការបើកឡើងវិញ នូវការធ្វើដំណើរទៅក្រៅប្រទេស របស់ប្រជាពលរដ្ឋចិនឡើងវិញ នៅដើមឆ្នាំ ២០២៣ នេះមក បានធ្វើឲ្យទីផ្សារទេសចរណ៍សកល មានការត្រៀមខ្លួនយ៉ាងសកម្ម ក៏ដូចជាស្វាគមន៍ភ្ញៀវទេសចរចិន យ៉ាងរាក់ទាក់កក់ក្តៅ ឡើងវិញផងដែរ។ ជាក់ស្ដែងប្រទេសជាច្រើន ដូចជា រុស្សី ថៃ ឥណ្ឌូណេស៊ី ម៉ាល់ឌីវ សិង្ហបុរី និងរួមទាំងកម្ពុជាជាដើម កំពុងបើកទ្វារ ទទួលចាំស្វាគមន៍ និងបានដកចេញវិធានការណ៍ តឹងរឹងនានាសម្រាប់ អ្នកទេសចរចិនផងដែរ។

ជាពិសេសចំពោះកម្ពុជា ការបើកឡើងវិញនូវ ការធ្វើដំណើរទៅក្រៅប្រទេសនេះ នឹងផ្ដល់អំណោយផល ដល់ការជំរុញការអភិវឌ្ឍ ទេសចរណ៍ពិភពលោក ជំរុញការស្តារឡើងវិញ នៃសេដ្ឋកិច្ច ក៏ដូចជាបំពេញបន្ថែមភាពរស់រវើក កាន់តែច្រើន ដល់ការជំរុញការផ្លាស់ប្តូរ និងចំណងមិត្តភាពរវាងប្រជាជនចិន និងកម្ពុជាបន្ថែមមួយកម្រិត ទៀតផងដែរ។ ជាមួយគ្នានេះដែរ សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាសង្ឃឹមថា នឹងទទួលបាន ភ្ញៀវទេសចរចិន ចំនួន២លាននាក់ នៅឆ្នាំ២០២៣នេះ ដែលនឹងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា ស្តារឡើងវិញក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ដែរថា យោងតាមទិន្នន័យស្ថិតិចិនផ្ទាល់ បានបង្ហាញឱ្យឃើញថា អំឡុងពេល ១២ ថ្ងៃដំបូងនៃការដឹកអ្នកដំណើរ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន កាលពីថ្ងៃទី៧ ដល់ថ្ងៃទី ១៨ ខែមករា កន្លងទៅ គេឃើញថា ផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹកនិងអាកាសចរណ៍ស៊ីវិល នៅទូទាំងប្រទេសចិន បានមានភាពសកម្មឡើងវិញ ដោយបានដឹកអ្នកដំណើរសរុបចំនួន ៤ រយ ៨០ លាននាក់ ដែលជាកើនឡើង ៤៧,១ ភាគរយប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២២។ ដូច្នេះ តាមរយៈភាពរស់រវើក នៃសេដ្ឋកិច្ចសង្គមចិន នៅដើមឆ្នាំ២០២៣ នេះ កំពុងត្រូវបានបញ្ចេញបន្ថែមទៀត ហើយបណ្តាប្រទេសក្នុងពិភពលោក ក៏កំពុងរំពឹងទុកថា ប្រទេសចិននឹងរួមចំណែក ក្នុងការអភិវឌ្ឍទេសចរណ៍ពិភពលោក និងជំរុញការស្តារឡើងវិញ នៃសេដ្ឋកិច្ចសកលផងដែរ។