គម្រោងផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត នឹងក្លាយជាផ្លូវដែកល្បឿនលឿន ស្ដង់ដាដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា


ក្នុងកិច្ចប្រជុំពិនិត្យលើ លទ្ធផលបឋម នៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើង ភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កម្ពុជានឹងលើក កម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដំបូងគេបំផុតនៅកម្ពុជា។ ស្របគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងទៀតថា តាមរយៈការសិក្សាបឋម គម្រោងនេះ នឹងមានប្រវែងសរុបប្រមាណ ៣៨២គ.ម មានខ្នាតទទឹងប្រវែង ១ ៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។

ដោយក្នុងគម្រោងទាំងមូលនេះ រួមបញ្ចូលទាំងក្បាល និងទូរថភ្លើង សម្រាប់ដំណើរការ អាចនឹងប្រើប្រាស់រយៈពេល សាងសង់ប្រមាណ ៤ឆ្នាំ ជាមួយនឹងទុនវិនិយោគសរុប ប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក។ ពិសេសជាងនេះទៅទៀត ខ្សែររថភ្លើងនឹងត្រូវបំពាក់ ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយ ថាមពលអគ្គិសនីទៀតផង ហើយគម្រោងនេះ ក៏នឹងមានការសាងសង់ ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវ ប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចប្រសព្វ ជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញ សម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោង សម្រាប់លើកដាក់ទំនិញ)។

គួរបញ្ជាក់ដែរថា គម្រោងលើកកម្រិតផ្លូវរថភ្លើង ភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គឺជាគម្រោងដែលផ្តោតចម្បង លើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ គម្រោងនេះនឹងក្លាយជា ផ្លូវដែកល្បឿនលឿន ស្ដង់ដាដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជា ខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេសផងដែរ៕