ផលប្រមូលពីការនេសាទទឹកសាប និងសមុទ្រ របស់ខេត្តកំពត ទទួលបានជាង ២ម៉ឺន ៦ពាន់តោន ក្នុងពេល ពេញមួយឆ្នាំ ២០២២


យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញ បានឲ្យដឹងថា ការប្រមូលផលនេសាទទឹកសាប និងសមុទ្រ ក្នុងរយៈមួយឆ្នាំពេញនៃឆ្នាំ២០២២ កន្លងទៅនេះ ខេត្តកំពត ប្រមូលបានជាង ២ម៉ឺន ៦ពាន់តោន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ មន្ត្រីជំនាញបានបន្ថែមទៀតថា ការងារប្រមូលផលនេសាទទឹកសាប និងសមុទ្រ អនុវត្តបានចំនួន ២៦ ០៣៥ តោន ក្នុងនោះផលនេសាទទឹកសាបមានចំនួន ៦ ០០០តោន និងផលនេសាទសមុទ្រចំនួន ២០ ០៣៥តោន។ ក្រៅពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ផលនេសាទក៏បាននាំចេញចំនួន ៨០៦តោនផងដែរ ក្នុងនោះមានផលនេសាទ កែច្នៃចំនួន ៣៥០តោន និងផលនេសាទស្រស់ចំនួន ៤៥៦តោន ខណៈដែលការផលិតទឹកត្រីវិញ បានចំនួន ២លាន ៤ម៉ឺនលីត្រ។

នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានប្រាប់ឱ្យដឹងថា ដើម្បីទទួលបាននូវបរិមាណ នៃការប្រមូលផលនេសាទ ដូចខាងលើ មន្ត្រីជំនាញពាក់ព័ន្ធសហគមន៍នេសាទ និងបងប្អូនប្រជានេសាទ បានរួមគ្នាធ្វើការងារ ជាច្រើនដូចជា៖ ការធ្វើវារីវប្បកម្មសមុទ្របានចំនួន ២ ៣០៣តោន (មានបង្គា ៧៩២តោន, ត្រីឆ្ពង់ ៥៣៩តោន, ត្រីអាំងកឺយ ១៧៤តោន, ត្រីតុកកែ ៤៥៩តោន, ក្តាមថ្មចំនួន ៣៣៩តោន ខណៈដែលផលវារីវប្បកម្ម ទឹកសាបមានចំនួន ១ ៥៥២តោន, ផលិតកូនត្រីពូជបានចំនួន ៩ ៧០០០០០ ក្បាល នៅតាមស្ថានីយភ្ញាស់កូនត្រីសរុបចំនួន ១៥កន្លែង, បានប្រមូលក្ដាមពង ដាក់ចូលធនាគាក្ដាមបានចំនួន ១៣០គីឡូក្រាម ស្មើនិង ១ ៧៥៦ក្ដាម នៅធនាគារក្តាមសេះ របស់សហគមន៍នេសាទត្រពាំងរពៅ និងកែបថ្មី។

បន្ថែមពីនេះ មន្ត្រីជំនាញពាក់ព័ន្ធ សហគមន៍នេសាទ និងបងប្អូនប្រជានេសាទ ក៏បានបណ្តុះកូនកោងកាង នៅតាមសហគមន៍បានចំនួន ៧៤ ៣១០ដើម និងបានដាំកូនកោងកាង បានចំនួន ៤៩ ២៦០ដើម រហូតអភិរក្សព្រៃកោងកាង បានចំនួន ១ ៩៦៦ហិកតា ផងដែរ ក៏ដូចជាបានដាំសារ៉ាយសមុទ្រ ៣៦៧តោន (សារ៉ាយស្រស់), អភិរក្សស្មៅសមុទ្រទាំង ១១ប្រភេទ បានជាង ៨ពាន់ ៤រយហិកតា, ផ្កាថ្មចំនួន ៩៥៣ហិកតា នៅក្នុងទីតាំងអភិរក្សទាំង ១៣កន្លែងនៅក្នុងខេត្ត។ គួរបញ្ជាក់ថា វិស័យកសិកម្មគឺជា វិស័យមួយដែលមាន សក្តានុពលខ្លាំងក្នុង នោះវិស័យជលផល គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយទ្រទ្រង់ ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ខេត្ត ផងដែរ។