ឆ្នាំ ២០២៣ ទំហំវិនិយោគពីអន្តរជាតិ ចូលទៅប្រទេសវៀតណាម អាចកើនដល់ចន្លោះពី ៣៦ ទៅ ៣៨ ពាន់លានដុល្លារ


ហាណូយ៖ ទំហំវិនិយោគរបស់ វិនិយោគិនអន្តរជាតិ ដែលបោះទុនចូលទៅ ក្នុងទីផ្សារសេដ្ឋកិច្ចរបស់ ប្រទេសវៀតណាម សម្រាប់ពេលពេញមួយឆ្នាំ២០២៣ នេះ ត្រូវបានវាយព្យាករណ៍ថា អាចនឹងកើនឡើង ដល់ចន្លោះចាបពី ៣៦ ទៅ ៣៨ ពាន់លានដុល្លារអាមេរិកឯណោះ។

ប្រភពព័ត៌មានក្នុងស្រុក របស់វៀតណាមចុះផ្សាយ កាលពីម្សិលមិញនេះ បានឱ្យដឹងថា ទំហំវិនិយោគរបស់ វិនិយោគិនអន្តរជាតិ នឹងបន្តកើនឡើង បន្ថែមទៀតនៅក្នុងឆ្នាំ២០២៣ នេះ ដោយសារតែភាពទាក់ទាញ និងចំណុចអំណោយផល ជាច្រើន ដែលផ្ដល់នូវទំនុកចិត្តខ្ពស់ ទៅដល់វិនិយោគិន គួបផ្សំនឹងស្ថេរភាព នយោបាយ តម្លាភាព កម្លាំងពលកម្ម ទីតាំងភូមិសាស្ត្រជាដើម។ ការកើនឡើងក្នុងឆ្នាំនេះ ត្រូវបានវាយតម្លៃខ្ពស់ថា អាចកើនដល់ទៅចន្លោះពី ៣៦ ទៅ ៣៨ ពាន់លានដុល្លារអាមេរិក។

តាមរយៈការវាយតម្លៃ របស់ភ្នាក់ងារវិនិយោគិន ពីក្រៅប្រទេស ហៅកាត់ថា (FIA) ក្រោមចំណុះក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាម មានគោលនយោបាយដ៏ប្រសើរ ក្នុងការបង្កើន ភាពទាក់ទាញទៅដល់ វិនិយោគិនអន្តរជាតិ។ ក្នុងនោះ ការចាប់ផ្ដើមនៃ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ថាមពលបៃតង កិច្ចការងាររដ្ឋបាល តាមប្រព័ន្ធឌីជីថល ចង្វាក់ផលិតកម្ម គ្រឿងបង្គុំ វត្ថុធាតុដើម ជាកត្តារុញច្រានសម្រាប់ ការបន្តដាក់ទុនវិនិយោគ នៅវៀតណាមកាន់តែ ច្រើនបន្ថែមទៀត។

ជាក់ស្ដែង គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៤ ខែមករា ទំហំវិនិយោគពីក្រៅប្រទេស (FDI) សម្រេចបានជាទឹកប្រាក់សរុបជាង ៩០០ លានដុល្លារអាមេរិកហើយ ដោយក្នុងនោះក្រុមហ៊ុនចិន Yadea Group បានបោះទុន ១០០ លានដុល្លារអាមេរិក ដើម្បីវិនិយោគលើ រោងចក្រឧស្សាហកម្ម ក្នុងការតម្លើងម៉ូតូអគ្គិសនី ដែលអាចផលិត បានម៉ូតូជាង ២ លានគ្រឿងក្នុងមួយឆ្នាំៗ។ មិនតែប៉ុណ្ណោះ នៅមានក្រុមហ៊ុនរបស់សិង្ហបុរី កូរ៉េខាងត្បូង និងជប៉ុន ក៏បានចូលមកវិនិយោគ​ នៅវៀតណាមផងដែរ គិត្រឹមតែក្នុងខែមករានេះ។

ស្ថិតក្នុងការចាប់ផ្ដើម ដ៏ល្អប្រសើរ គួបផ្សំនឹងលទ្ធផលល្អ កាលពីឆ្នាំ២០២២ កន្លងទៅ វៀតណាម នៅតែបន្តមាន សុទិដ្ឋិនិយម ក្នុងការទាក់ទាញ វិនិយោគិនអន្តរជាតិ ឱ្យបន្តចូលមកវិនិយោគ ក្នុងប្រទេសរបស់ខ្លួន ឱ្យកាន់តែច្រើនបន្ថែមទៀត ជាមួយនឹងគោលនយោបាយជាតិល្អ ស្ថេរភាពសេដ្ឋកិច្ចលើផ្ទៃប្រទេស និងភាពជឿនលឿន ក្នុងវិស័យឧស្សាហកម្ម របស់វៀតណាមផងដែរ៕