កម្រាលផ្លូវដើរថ្មី សម្រាប់ភ្ញៀវទេសចរ ចូលទស្សនាប្រាសាទអង្គរវត្ត នឹងរួមចំណែកលើកកម្ពស់ សោភណ្ឌភាព និងកាត់បន្ថយភាពសឹករិចរឹល នៃថ្មប្រាសាទ


ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការ រៀបចំធ្វើកម្រាល ផ្លូវដើរ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅ កាត់បន្ថយភាពសឹករិចរឹលរបស់ថ្ម នឹងគ្រប់គ្រងលំហូររបស់ ភ្ញៀវទេសចរចូលមក ទស្សនាក្នុងប្រាសាទ ឱ្យមានភាពល្អប្រសើរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គោលដៅចម្បង នៃការរៀបចំកម្រាលផ្លូវដើរ នៅបរិវេណប្រាសាទអង្គរវត្តនេះ ដើម្បីកាត់បន្ថយ ភាពសឹករិចរឹលនៃថ្មប្រាសាទ ដោយសារកន្លងមក ជាពិសេសរដូវវស្សា មានភ្លៀងធ្លាក់ បណ្តាលឱ្យមានភក់ ជាប់មកជាមួយនូវ បាតស្បែកជើង ជាហេតុនាំយកដី ទាំងនោះទៅកកិត ជាមួយនឹងថ្ម។ ម្យ៉ាងទៀត គឺដើម្បីគ្រប់គ្រងលំហូរ របស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងការដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែក លើកកម្ពស់សោភណ្ឌភាព ប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតង គ្រប់រដូវកាល។

លោកបន្តទៀតថា គម្រោងរៀបចំ កម្រាលផ្លូវដើរនៅ ប្រាសាទអង្គរវត្ត ត្រូវបានអនុវត្តចំនួន ៣ដំណាក់កាល ដោយដំណាក់កាលទី១នេះ អាជ្ញាធរជាតិអប្សរា ទទួលបានថវិកាឧបត្ថម្ភ ពីមូលនិធិរបស់ GIZ ក្រោមការសម្រួល របស់អង្គការយូណេស្កូ ប្រចាំប្រទេសកម្ពុជា សម្រាប់រៀបចំកម្រាល ផ្លូវដើរមានប្រវែងសរុប ៤៧៦ ម៉ែត្រ។ ជំហានដំបូង ដំណើរការរៀបចំកម្រាល សម្រេចលទ្ធផលប្រមាណ ៦០ភាគរយហើយ មកដល់ពាក់កណ្តាលខែមករានេះ ដោយរំពឹងថា នឹងអាចរួចរាល់ ជាស្ថាពរនៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខ។ លោកបានបន្តទៀតថា កម្រាលផ្លូវដើរថ្មី ដែលអាជ្ញាធរជាតិអប្សរា ធ្វើការរៀបចំនេះ មានចំនួន៤កន្លែងផ្សេងគ្នា ចំណែកកម្រាលឈើចាស់ ក៏នៅរក្សាទុកដដែល។

អាជ្ញាធរជាតិអប្សរា មានក្តីសង្ឈឹមថា ក្រោយពេលរៀបចំ កម្រាលផ្លូវថ្មីរួចរាល់ ភ្ញៀវទេសចរទាំងអស់ និងធ្វើដំណើរនៅលើកម្រាលផ្លូវនេះ ចៀសវាងការដើរជាន់ លើវាលស្មៅ និងចូលរួមគោរពទៅតាម ក្រមប្រត្តិបត្តិអង្គរ។ ក្នុងនោះដែរក៏សូមសំណូមពរ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមថែរក្សាបរិស្ថាន នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទាំងអស់គ្នា ដោយដាក់សំរាម ក្នុងធុងសំរាម ឱ្យបានត្រឹមត្រូវ៕