ថៃ បានបង្កើតគោលការណ៍ណែនាំថ្មី ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍


អាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្កើតគោលការណ៍ណែនាំ ដើម្បីចាប់ផ្តើមព្រឹត្តិការណ៍ និងពិធីបុណ្យនានា ដើម្បីទាក់ទាញភ្ញៀវទេសចរ ស្របតាម "5Fs soft power - ថាមពលទន់ 5Fs" របស់រដ្ឋាភិបាល។ រដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធី 5Fs ក្នុងឆ្នាំ 2022 ដោយផ្តោតលើ ការទាក់ទាញសំខាន់ៗចំនួន 5 ដូចជា អាហារ ភាពយន្ត ម៉ូតសម្លៀកបំពាក់ ការប្រយុទ្ធ និងពិធីបុណ្យ ដើម្បីផ្សព្វផ្សាយប្រទេសថៃ ជាអន្តរជាតិ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Burapachaisri បាននិយាយកាលពេលថ្មីៗនេះថា អាជ្ញាធរទេសចរណ៍ថៃ គ្រោងនឹងប្រកាសឆ្នាំនៃម្ហូបថៃ នៅឆ្នាំនេះដោយបន្ថែមថា វានឹងរួមបញ្ចូលផ្លូវដើរ ជាមួយនឹងពិធីបុណ្យអាហារអន្តរជាតិ ផងដែរ។ បើនិយាយពីភាពយន្តវិញ លោក Anucha បានបង្ហើបថា អាជ្ញាធរទេសចរណ៍ថៃ គ្រោងនឹងចាប់ផ្តើម ដំណើរទេសចរណ៍ទីក្រុងភាពយន្ត ដោយអនុញ្ញាតឲ្យ អ្នកទេសចរចូលទស្សនា កន្លែងដែលភាពយន្តល្បីៗ និងរឿងភាគទូរទស្សន៍ត្រូវបានថត។ លោកបាននិយាយថា សម្រាប់ការប្រកួត អាជ្ញាធរទេសចរណ៍ថៃ នឹងបើកកម្មវិធី “Amazing Muay Thai Festival 2023” នៅ Rajabhakti Park ក្នុងទីក្រុង Hua Hin នៅថ្ងៃទី 6 ខែកុម្ភៈ ក្នុងគោលបំណង ទាក់ទាញអ្នកចូលចិត្តប្រដាល់ជាង 3,500 នាក់។

ទន្ទឹមនឹងនោះ ពិធីបុណ្យក៏នឹងត្រូវប្រារព្ធឡើង ពេញមួយឆ្នាំ ដើម្បីលើកតម្កើងប្រពៃណី ប្រាជ្ញា និងវប្បធម៌ក្នុងស្រុក ដូចជាបុណ្យចូលឆ្នាំថ្មី និងបុណ្យសង្ក្រាន្ត។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា សកម្មភាពទាំងនេះ នឹងជួយភ្ញៀវទេសចរ ឱ្យទទួលបានបទពិសោធន៍ ពីភាពស្រស់ស្អាតនៃការទាក់ទាញ និងវប្បធម៌របស់ប្រទេសថៃ។