កម្ពុជា នឹងមានការវិនិយោគ ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ នាពេលអនាគត


ក្នុងជំនួបរវាង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រតិភូវិនិយោគបារាំង ដឹកនាំដោយ ឯកឧត្តម អូលីវីយេ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ដើម្បីពិភាក្សាការងារ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅវិមានសន្តិភាព កន្លងទៅថ្មីៗនេះ បានបង្ហាញឲ្យដឹងថា កម្ពុជាបានអនុញ្ញាត ឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ ទីក្រុងហូជីមិញនាពេលឆាប់ៗ ខាងមុខនេះហើយ។

ក្នុងជំនួបនេះដែរ សម្ដេចតេជោ ក៏បានបង្ហើបថា ចំពោះផ្លូវដែកពីរខ្សែ ដែលមានស្រាប់របស់កម្ពុជា គឺនឹងត្រូវធ្វើការពង្រីក ក៏ដូចជាលើកទឹកចិត្ត ឱ្យមានការវិនិយោគបន្ថែម ពីវិស័យឯកជនផងដែរ។ ម្យ៉ាងវិញទៀត ពាក់ព័ន្ធនឹងថាមពលស្អាត សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រើប្រាស់ ថាមពលស្អាតប្រមាណជា ៦២ភាគរយ ហើយក្នុងពេលបច្ចុប្បន្ន និងកំពុងតែទាក់ទាញវិនិយោគមកបន្ថែមទៀត។ លើសពីនេះ សម្ដេចបាន គូសបញ្ជាក់ទៀតថា កម្ពុជាកំពុងតែលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យ ឲ្យបានកាន់ច្រើនផងដែរ។ ដោយឡែក ចំពោះការកសាង រោងចក្រថាមពលផ្សេងៗ កម្ពុជាពុំទាន់អនុម័ត ឱ្យបង្កើតជារោងចក្រអគ្គិសនី ប្រើប្រាស់ធ្យូងថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គនៅឡើយនោះទេ។

ជាចុងក្រោយ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូបារាំង អំពីវិស័យវិនិយោគ ជាអាទិភាពរបស់កម្ពុជាផងដែរ នោះគឺការជំរុញ នយោបាយឧស្សាហកម្ម ជំរុញឱ្យមានការវិនិយោគលើ ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឱ្យការវិនិយោគលើ វិស័យឧស្សាហកម្មកែច្នៃ ដែលកម្ពុជាមានវត្ថុធាតុដើម ដូចជា ស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវ។ល។ សម្រាប់ធ្វើការកែច្នៃ មិនត្រឹមតែទៅកាន់ទីផ្សារកម្ពុជាទេ ប៉ុន្តែទៅកាន់ ទីផ្សារដទៃទៀត ដែលជាដៃគូរបស់កម្ពុជា៕