ស្ពានបត់ដុំដៃ ស្រុកកោះធំ កែប្រែពីស្ពានឈើសតវត្សរ៍ទី៦០ មកជាស្ពានបេតុងសសៃដែក ក្រោមជំនួយឥតសំណងជប៉ុន


ស្ពានបត់ដុំដៃ គឺជាស្ពានឈើដ៏ចំណាស់មួយ ដែលត្រូវបានកសាងឡើង តាំងពីឆ្នាំ១៩៦២ អំឡុងសម័យសង្គមរាស្ត្រនិយម និងបន្ដប្រើប្រាស់រហូតដល់ឆ្នាំ ២០២១ ដែលមានសភាព ចាស់ទ្រុឌទ្រោមខ្លាំង ពិបាកធ្វើដំណើរ និងអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ។ ដោយមើលឃើញពីបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ដៃគូអភិវឌ្ឍន៍ជប៉ុន បានកសាងស្ពាននេះឡើងវិញ ដើម្បីបម្រើដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងតំបន់។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ស្ពានបត់ដុំដៃ ស្រុកកោះធំ កាលពីមុនជា ស្ពានឈើមានប្រវែង ១៨ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ មានសភាពចាស់ ពិបាកធ្វើដំណើរ ដូចនេះ រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណង ទ្រង់ទ្រាយតូច (ជំនួយគូសាណូណិ) តាមរយៈស្ថានទូតជប៉ុន ដើម្បីស្ថាបនាស្ពាននេះឡើងវិញ ជាស្ពានបេតុងសសៃដែក មានប្រវែង ១៨ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ដែលការដ្ឋានសាងសង់ ចាប់ផ្ដើមកាលពីខែមីនា ឆ្នាំ២០២២ បានបញ្ជប់ទៅនៅខែកក្កដា ឆ្នាំ២០២២ និងបានសម្ពោធប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ជប៉ុនជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ នៃហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសកម្ពុជា ជាក់ស្ដែងជប៉ុន បានជួយសាងសង់៖ ស្ពានត្សឹបាសា ស្ពានជ្រោយចង្វាទី១ ស្ពានគីហ្សូណា ស្ពាន ៧ កន្លែងនៅខេត្តព្រៃវែង និងក្រចេះ ផ្លូវជាតិលេខ៥ កំណាត់ផ្លូវជាតិលេខ១ គម្រោងចម្រោះ ទឹកកខ្វក់ផ្សេងៗទៀត។

សូមបញ្ជាក់ផងដែរ យោងតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ស្ពាន-ផ្លូវ មានតួនាទីសំខាន់ ជាសរសៃឈាមជួយជំរុញ លើកស្ទួយដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយបានជួយតភ្ជាប់ ការដឹកជញ្ជូនគ្រប់ផលិតផល កសិផលរបស់ បងប្អូនប្រជាពលរដ្ឋ ទៅកាន់គ្រប់ច្រកល្ហក ទាំងក្នុងតំបន់ និងទៅកាន់សកលលោក ដែលអាចទ្រទ្រង់ កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ បានល្អប្រសើរ។

ដូចនេះ រាជរដ្ឋាភិបាលបន្តស្តារ លើកកម្ពស់ដល់ការអភិវឌ្ឍ កម្រិតជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋឱ្យកាន់តែប្រសើឡើង និងភាពទំនើបជឿនលឿន ជាងនេះបន្ថែមទៀត ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបើកការដ្ឋាន សាងសង់ផ្លូវជាច្រើនខ្សែ ក្នុងនោះមានទាំង ផ្លូវជាតិលេខ២៣ ដែលផ្តើមចេញពីឃុំលើកដែក ស្រុកកោះធំ ឆ្ពោះទៅស្រុកលើកដែក ផ្លូវជាតិលេខ ១៤ ជាដើម។