អគារមន្ទីរពេទ្យតេជោសែន កោះធំ សម្រេចការងារសាងសង់ បានជាង ៨០% ហើយ!


យោងតាមការចុះត្រួតពិនិត្យ នូវវឌ្ឍនភាព ការងារសាងសង់ អគារមន្ទីរពេទ្យតេជោសែនកោះធំដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គម្រោងសាងសង់ អគារមន្ទីរពេទ្យបង្អែកនេះ សម្រេចការងារបានជាង ៨០% មកហើយ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ដែលត្រៀមនឹងបញ្ចប់ ទៅតាមផែនការក្នុងពេលឆាប់ៗ ដើម្បីសម្ពោធប្រើប្រាស់ បម្រើដល់ការព្យាបាលជំងឺ របស់ប្រជាពលរដ្ឋ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល។

គម្រោងសាងសង់ មន្ទីរពេទ្យបង្អែកតេជោសែន កោះធំ រួមមានការងារសងសង់ អគារចំនួន ៣ ខ្នង ដោយអគារមន្ទីរពេទ្យកណ្ដាលចំនួន ១ ខ្នង មានកម្ពស់ ៣ ជាន់សរុបជាទំហំស្មើនឹង ១០,៥៤៤ ម៉ែត្រការ៉េ, អគារខាងឆ្វេងចំនួន ១ ខ្នង មានកម្ពស់ ២ ជាន់ស្មើនឹងទំហំសរុប ១,០០០ ម៉ែត្រការ៉េ និងអគារខាងស្ដាំ ចំនួន ១ ខ្នងមានកម្ពស់ ២ ជាន់សរុបជាទំហំ ១,០០០ ម៉ែត្រការ៉េដូចគ្នា។

អគារទាំង ៣ មានផ្ទៃក្រឡាសរុប ១២,៥៤៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបាន ១៥០ គ្រែ បំពាក់ដោយឧបករណ៍ បរិក្ខារពេទ្យទំនើបៗចុងក្រោយ សម្រាប់ទទួលព្យាបាលអ្នកជំងឺ ឬប្រជាពលរដ្ឋចំនួនប្រមាណ ៦០ ម៉ឺននាក់ នៅស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក ក្នុងខេត្តកណ្ដាល និងស្រុកព្រៃកប្បាស ក្នុងខេត្តតាកែវ ផងដែរ។

សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកតេជោសែនកោះធំ គ្រោងនឹងចំណាយ ថវិកាសរុបប្រមាណ ១០ លានដុល្លារ ដែលជាថវិកាវិភាគទាន របស់សប្បុរសជន ក្នុងស្រុកទាំងអស់ រួមសហការជាមួយ មន្ទីរពេទ្យកាល់ម៉ែត្រ។ ក្នុងនោះ ការងារសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនៃមន្ទីរពេទ្យ គ្រោងនឹងចំណាយ ៦,២ លានដុល្លារ ចំណែកការបំពាក់សម្ភារៈ បរិក្ខារពេទ្យគ្រោងនឹង ចំណាយចន្លោះពី ៤ ទៅ ៥ លានដុល្លារបន្ថែមទៀត។