ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ ១១ លានដុល្លារ ក្នុងរយៈពេល ៤ ខែដំបូង


ក្រោយបើកដំណើរការប្រើប្រាស់ សាកល្បងចាប់តាំងពីខែតុលា ឆ្នាំ២០២២ រហូតមកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានយានយន្ដធ្វើដំណើរ ឆ្លងកាត់សរុបជិត ១,៩ លានយានយន្ដ បើយោងតាមរបាយការណ៍ ចេញផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយក្នុងនោះ ការប្រមូលកម្រៃសេវា ចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ រយៈពេល ៤ ខែដំបូង ទទួលបានយានយន្ដចំនួន ១,៤ លានគ្រឿង ឬសរុបជាទឹកប្រាក់ ប្រមាណជិត ១១ លានដុល្លារ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលត្រូវបានវិនិយោគដោយ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន នូវទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារ និងត្រូវបានចាប់ផ្ដើម បើកការដ្ឋានសាងសង់ ចាប់ពីខែមីនា ឆ្នាំ២០១៩ ក្រោមទម្រង់ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) មានន័យថា ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន នឹងគ្រប់គ្រងប្រមូលកម្រៃសេវា លើផ្លូវល្បឿនលឿននេះក្នុងរយៈពេល ៥០ ឆ្នាំ មុននឹងផ្ទេរជូន រាជរដ្ឋាភិបាលសម្រាប់ គ្រប់គ្រងវិញ។ ការធ្វើដំណើរតាម ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបង់សេវាធ្វើដំណើរចំនួន ១២ ដុល្លារ សម្រាប់រថយន្ដគ្រួសារ និង ៦០ ដុល្លារសម្រាប់រថយន្ដដឹកទំនិញ។

ចំពោះការធ្វើដំណើរឆ្លងកាត់ ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ ត្រូវបានកាត់បន្ថយរយៈពេលពី ៥ ម៉ោងលើផ្លូវជាតិលេខ ៤ មកត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ ដោយផ្លូវល្បឿនលឿន ចាប់ពីផ្ដើមពីចំណុច ផ្លូវក្រវ៉ាត់ក្រុងទី៣ (ផ្លូវកប់ស្រូវ) ទៅដល់ផ្លូវជាតិលេខ៤ ក្បាលឆាយ ក្រុងព្រះសីហនុ មានប្រវែងសរុប ១៩០ គីឡូម៉ែត្រ អ្នកដំណើរអាចបើកបរ ក្នុងល្បឿនចាប់ពី ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្លូវល្បឿនលឿន ត្រូវបានចាត់ទុកជា ផ្លូវយុទ្ធសាស្ត្រមួយ ដែលនឹងបម្រើការធ្វើដំណើររហ័ស មានទំហំធំ ៤ គន្លងរថយន្ដ (២ ទៅ ២ មក) មានសុវត្ថិភាពជាង និងជួយកាត់បន្ថយ បញ្ហាកកស្ទះចរាចរណ៍ នៅផ្លូវជាតិលេខ៤ ដែលជាផ្លូវមានចរាចរណ៍ មមាញឹកជាងគេបំផុត នៅប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់ ការធ្វើដំណើរ ការដឹកជញ្ជូន ឡូជីស្ទីក និងទេសចរណ៍ផងដែរ។