រថភ្លើងល្បឿនលឿន ចិន-ឡាវ ជាក្ដីសង្ឃឹមនៃ លំហូរភ្ញៀវទេសចរមកកម្ពុជា នាពេលអនាគត


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើដំណើរទស្សនកិច្ច នៅប្រទេសឡាវ ដើម្បីបង្កើតសហប្រតិបត្តិការ ទេសចរណ៍ រវាងប្រទេសទាំងពីរ និងបានសាងល្បង ធ្វើដំណើរតាម រថភ្លើងល្បឿនលឿន គួនមិញ-វៀងចន្ទន៍ បានចាប់អារម្មណ៍ថា រថភ្លើងល្បឿនលឿននេះ ជាក្ដីសង្ឃឹមនៃលំហូរទេសចរ ពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា នាថ្ងៃអនាគត។

ឯកឧត្តម រដ្ឋមន្ត្រីបានឱ្យដឹងថា រថភ្លើងល្បឿនលឿន រត់ពីវៀងចន្ទន៍ ទៅហ្លួងព្រះបាង ឆ្លងកាត់ទៅដល់ទីក្រុងគួនមិញ ខេត្តយូណាន ប្រទេសចិន មានអ្នកដំណើរឡាវ ថៃ ជិះច្រើនដើម្បីធ្វើដំណើរកម្សាន្ដ ទៅលេងប្រទេសចិន ហើយក៏មានអ្នកដំណើរ ពីប្រទេសចិន មកកាន់ប្រទេសឡាវ និងថៃផងដែរ។ ខ្សែរថភ្លើងល្បឿនលឿននេះ បានតភ្ជាប់ទេសចរណ៍ រវាងប្រទេសទាំង ៣ យ៉ាងជិតស្និត ហើយក៏បង្ហាញនូវ ក្ដីសង្ឃឹមដល់លំហូរទេសចរមកកម្ពុជា នាពេលខាងមុខនេះផងដែរ។

កន្លងមក ភាគីកម្ពុជា-ចិន កំពុងពិចារណា លើគម្រោងផ្លូវដែក កម្ពុជា-ឡាវ និងអភិវឌ្ឍន៍ផ្លូវដែកកម្ពុជា-ថៃ ទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលស្ថិតនៅក្រោម គម្រោងផ្លូវដែករបៀងភាគខាងត្បូង (Train Asian Railway) ស្របទៅនឹងគម្រោង ផ្លូវដែកចិន ក្នុងអនុតំបន់ទន្លេមេគង្គ។

គម្រោងផ្លូវដែក កម្ពុជា-ឡាវ អាចនឹងត្រូវសាងសង់ចាប់ពី រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ មកកាន់ព្រំដែនកម្ពុជា ដែលអាចនឹងមាន ចម្ងាយចន្លោះពី ៧០០ ទៅ ៨០០ គីឡូម៉ែត្រ ហើយភាគីកម្ពុជា នឹងសាងសង់ផ្លូវរថភ្លើងថ្មី ពីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែង ព្រំដែនប្រទេសឡាវផងដែរ។ ដោយឡែក ចំពោះផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត កំពុងត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូលជា គម្រោងអាទិភាព នៅក្នុងផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ និងកំពុងត្រូវបានសិក្សា ដោយក្រុមហ៊ុនចិនផងដែរ។