ខេត្តកំពត នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី ឲ្យកាន់តែធំជាងរាល់ដង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ


រដ្ឋបាលខេត្តកំពត នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មីដ៏ធំមួយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើន។

បើយោងតាម ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីផ្តល់ភាពរីករាយ ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលខេត្ដនឹងរៀបចំធ្វើកម្មវិធី សង្ក្រាន្តកំពត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយរៀបចំឱ្យមាន ការលេងល្បែងប្រជាប្រិយខ្មែរ តាមទំនៀមទម្លាប់ដូនតា។

ក្រៅពីនេះ រដ្ឋបាលខេត្តក៏នឹងរៀបចំ ឱ្យមានស្តង់ សម្រាប់ធ្វើនំប្រពៃណីបុរាណ មានដូចជា នំអន្សមចេក អន្សមជ្រូក នំគមជាដើម ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តបានហូប។ ឯកឧត្ដមបានបន្ថែមទៀតថា កំពតសង្ក្រាន្តឆ្នាំនេះ គឺនឹងត្រូវធ្វើឱ្យអធឹកអធម និងសប្បាយរីករាយបំផុត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តសប្បាយ និងភ្លក្សរសជាតិនំបុរាណខ្មែរ នៅក្នុងខេត្តកំពត ខណៈដែលចុងខែនេះ រដ្ឋបាលខេត្ត និងប្រជុំត្រៀមរៀបចំលម្អិត អំពីការធ្វើសង្ក្រាន្តកំពត។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំចាត់តាំងនូវល្បែងកម្សាន្ត ផ្សេងៗពិសេស ក្រុង ស្រុក នៅមូលដ្ឋាន ក៏ត្រូវបំផុសស្មារតី ផ្សព្វផ្សាយ ដល់មជ្ឈដ្ឋានមហាជនទូទៅ ឱ្យបានទូលំទូលាយ ក្នុងការចូលរួម រៀបចំតាំងពិព័រណ៍ អំពីសក្ដានុពល និងសមទ្ធិផលដែលរដ្ឋបាលក្រុង ស្រុកខ្លួនមាន ដើម្បីធានាបានថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តទទួលបាន ភាពសប្បាយរីករាយ និងមានសន្តិសុខសុវត្ថិភាពល្អ គ្រប់ទីកន្លែងក្នុងខេត្ត។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ក្នុងខេត្តកំពត មានតំបន់ទេសចរណ៍ ប្រកបដោយភាពទាក់ទាញចំនួន ៣៤ កន្លែង ក្នុងនោះរមណីយដ្ឋានចំនួន ២១កន្លែង៕