មហាវិថីឈ្នះឈ្នះ សម្រេចការងាររួចរាល់ ត្រៀមស្វាគមន៍ព្រឹត្តិការណ៍ SEA GAMES នៅខែឧសភា


មហាវិថីឈ្នះឈ្នះ គិតចាប់ពីស្ពានព្រែកព្នៅ រហូតទៅដល់ចំណុចប្រសព្វ ផ្លូវជាតិលេខ៦ មានប្រវែងជាង ៧,៥ គីឡូម៉ែត្រ ត្រូវបានស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ តាមរយៈការរៀបចំប្រព័ន្ធលូ រៀបចំការ៉ូឡាសងខាងផ្លូវ ដាំដើមឈើនិងសួនទ្រូងផ្លូវ អ៊ុតកៅស៊ូបេតុង និងគំនូសចរាចរណ៍ -ល- ដើម្បីស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម SEA GAMES និងអាស៊ានបារ៉ាហ្គេម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

នៅដល់ត្រឹមតែ ៥០ ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា នឹងសម្ពោធធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមប្រចាំឆ្នាំ លើកទី៣២ ដែលនឹងមានកីឡាករ ចូលរួមប្រកួតមកពី បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ព្រមទាំងភ្ញៀវទេសចរ និងអ្នកគាំទ្រកីឡា ចូលរួមរាប់ពាន់រាប់ម៉ឺននាក់ ផងដែរ នៅឯកីឡដ្ឋានជាតិមរតកតេជោ។ ឆ្នាំ២០២៣ ជាពេលវេលាដ៏សំខាន់ ដែលយើងអាចបង្ហាញ សក្ដានុពលទេសចរណ៍ ទៅកាន់ពិភពលោក និងអាចទាញប្រយោជន៍ពី ការរៀបចំធ្វើជាម្ចាស់ផ្ទៃ នៃការប្រកួតកីឡាស៊ីហ្គេម ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកម្សាន្ដនៅប្រទេសកម្ពុជា និងវិនិយោគិនបរទេស ជាពិសេសនៅតំបន់អាស៊ានតែម្ដង។ 

មហាវិថីឈ្នះឈ្នះ ជាតម្រាយផ្លូវមួយ យ៉ាងសំខាន់ដែលឆ្លងកាត់ នៅពីមុខពហុកីឡដ្ឋានជាតិ មរតកតេជោ សម្រាប់សម្រួលចរាចរណ៍ ក្នុងព្រឹត្តិការណ៍ SEA GAMES ដែលកាលពីមុនជាផ្លូវឯកជន របស់ក្រុមហ៊ុន លោកឧកញ៉ា លី យ៉ុងផាត់ ព្រមទាំងស្ពានលីយ៉ុងផាត់ផងដែរ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាល បានទិញយកមកជា ទ្រព្យសម្បត្តិរបស់រដ្ឋវិញ ដោយការធ្វើដំណើរឆ្លងកាត់ មិនតម្រូវអោយបង់ប្រាក់ ដូចមុនទៀតឡើយ។