កម្ពុជា លើកទឹកចិត្ត និងផ្តល់អាទិភាពខ្ពស់ ចំពោះការវិនិយោគលើ ថាមពលកកើតឡើងវិញ ក្នុងប្រទេស!


ពោធិ៍សាត់៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរ ចំពោះចំណែកដ៏ធំនៃថាមពល ដែលកើតចេញពី ប្រភពថាមពលកកើតឡើងវិញ នៃសមត្ថភាពអគ្គិសនី ដែលបានដំឡើងរបស់ប្រទេស ដោយសម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលផ្តល់អាទិភាព ដល់ការវិនិយោគ ថាមពលកកើតឡើងវិញ។

សម្តេចតេជោ បាននិយាយថា ការវិនិយោគលើថាមពល កកើតឡើងវិញ ដូចជាវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ នៅតែជាជម្រើសដ៏ល្អបំផុតមួយ សម្រាប់ការផលិតអគ្គិសនីនៅកម្ពុជា។ សម្តេចបានបន្តថា ជាមួយនឹងភាគរយខ្ពស់ នៃថាមពលកកើតឡើងវិញ កម្ពុជាជាប្រទេសមួយដែលមិនបំពុលបរិស្ថាន។

“វារីអគ្គិសនីនៅតែជាជម្រើសដ៏ល្អ នៅក្នុងប្រទេសកម្ពុជា។” សម្តេចបានថ្លែងបែបនេះ ក្នុងពិធីជួបជុំជាមួយប្រជាពលរដ្ឋជាង ៣០០ គ្រួសារ កាលពីថ្ងៃទី១៤ ខែមីនា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតមកដល់ពេលនេះ ជាង ៦២% នៃសមត្ថភាពអគ្គិសនីដំឡើងរបស់កម្ពុជា បានមកពីប្រភពថាមពលកកើតឡើងវិញ។

សម្តេច បានបន្តថា៖ «នៅសល់ជិត ៤០% យើងកំណត់គោលដៅ បង្កើតថាមពលពីប្រភពផ្សេងទៀតដូចជា ស្ថានីយថាមពលពន្លឺព្រះអាទិត្យ»។ អគ្គិសនីមិនត្រឹមតែជា តម្រូវការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងជាតម្រូវការ ឧស្សាហកម្មដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ថាមពលកកើតឡើងវិញបានមកពីប្រភពដូចជា វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស។ ថាមពលកកើតឡើងវិញ ភាគច្រើននៅក្នុងប្រទេសកម្ពុជា បានមកពីទំនប់វារីអគ្គិសនី។”

យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ការផ្គត់ផ្គង់ថាមពលនៅកម្ពុជា បានកើនឡើងដល់ ៤ ៤៩៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ ២០២២ ពោលគឺកើនឡើង ១២,៦% ពី ៣ ៩៩០ មេហ្គាវ៉ាត់កាលពីឆ្នាំមុន។ EAC បានឲ្យដឹងថា គិតត្រឹមឆ្នាំមុន ៩៨,២៧% ក្នុងចំណោមភូមិសរុបចំនួន ១៤ ១៦៨ ភូមិ របស់កម្ពុជា មានអគ្គិសនីប្រើប្រាស់។ បច្ចុប្បន្ននេះ កម្ពុជាមានសមត្ថភាព ផលិតថាមពលប្រមាណ ៧០% នៃតម្រូវការថាមពលសរុបរបស់ខ្លួន ខណៈនៅសល់ត្រូវទិញពីបរទេស។

គាត់បានបន្តថាឥឡូវនេះ នៅទូទាំងប្រទេស ៩៩% នៃភូមិសរុប ត្រូវបានតភ្ជាប់ទៅបណ្តាញជាតិ។ បន្ថែមពីលើនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងថា បច្ចុប្បន្នរាជធានីភ្នំពេញ មានតម្រូវការជាង ១០០០ មេហ្គាវ៉ាត់។ កម្ពុជាបច្ចុប្បន្នមាន រោងចក្រវារីអគ្គិសនីចំនួនប្រាំបី ដោយមានដំណើរការចំនួនប្រាំពីរ និងមួយកំពុងដំណើរការសាងសង់ និងមានស្ថានីយ៍ ថាមពលពន្លឺព្រះអាទិត្យជាង ១៥០ មេហ្គាវ៉ាត់ ដែលតភ្ជាប់បណ្តាញជាតិ។

កម្ពុជាមិនមានគម្រោងអភិវឌ្ឍ រោងចក្រថាមពលអគ្គិសនី ដើរដោយធ្យូងថ្មថ្មីបន្ថែម លើគម្រោងដែលបានអនុម័តរួចហើយ ដោយរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១៩ ហើយបន្តជំរុញ ការវិនិយោគលើថាមពលស្អាត ដើម្បីឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា តាមរយៈការធ្វើដូច្នេះ កម្ពុជានឹងប្តូរទៅរក ប្រភពថាមពលកាបូនទាប ដូចជាឧស្ម័នធម្មជាតិនាំចូល ឧស្ម័ន LNG ឬអ៊ីដ្រូសែន ជំនួសវិញ ហើយបន្តជំរុញការវិនិយោគ លើវិស័យថាមពលស្អាត។