ខេត្តត្បូងឃ្មុំ គ្រោងនឹងអភិវឌ្ឍ ឱ្យប្រែក្លាយជា ខេត្តអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់ ជីវភាពនិងគុណភាពជីវិត របស់ប្រជាពលរដ្ឋ!


ក្នុងកិច្ចប្រជុំពិនិត្យបូកសរុប ការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ ២0២២ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានធ្វើការស្នើឡើងថា ឆ្នាំ២០២៣--«យើងទាំងអស់គ្នា ត្រូវរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឱ្យក្លាយជាខេត្តអព្យាក្រឹតកាបូន»។

បន្ថែមពីលើភារកិច្ច ដែលមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ អនុវត្តប្រចាំថ្ងៃ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីសម្រួចការងារ ដែលត្រូវអនុវត្តបន្ត ហើយក្នុងនោះឯកឧត្តម ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងការធានាលើកកម្ពស់ គុណភាពជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើង និងការអភិវឌ្ឍប្រកប ដោយចីរភាព យើងចាំបាច់ត្រូវរួមគ្នា ប្រែក្លាយខេត្តត្បូងឃ្មុំ ឱ្យក្លាយជាខេត្តអព្យាក្រឹតកាបូន ដែលនេះគឺជាការចូលរួម អនុវត្តយុទ្ធសាស្ដ្រអភិវឌ្ឍន៍ រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន ដែលរាជរដ្ឋាភិបាល បានដាក់ចេញ សម្រាប់កម្ពុជា ក្លាយជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ឯកឧត្តមអ៊ាង សុផល្លែត បានគូសបញ្ជាក់ថា បរិស្ថានជាការងារអន្តរវិស័យ ដែលទាមទារឱ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តយុទ្ធសាស្ដ្រ ផែនការសកម្មភាព ក៏ដូចជាគោលនយោបាយ ដើម្បីសម្រេចបានគោលដៅរួម។

គូសបញ្ជាក់ផងដែរថា ឯកឧត្តម អ៊ាង សុផល្លែត បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅ អនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយការងារចុះបញ្ជីដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុវត្តន៍ តាមអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរបរិស្ថាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន នៃក្រសួងបរិស្ថាន អភិបាលរងនៃគណៈអភិបាលរងខេត្ត មន្ទីរបរិស្ថាន មន្ទីរ អង្គភាពនានាចំណុះឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ជាច្រើននាក់។

បើតាមរបាយការណ៍របស់លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ មន្ទីរបរិស្ថាន បានចុះផ្សព្វផ្សាយអប់រំចំណេះដឹងបរិស្ថាន ការគ្រប់គ្រងសំរាមសំណងរឹង សំណល់ផ្លាស្ទិក ដើម្បីភូមិស្អាត សហគមន៍ស្អាត ផ្លូវសាធារណៈស្អាត និងជាពិសេសបាន ចុះត្រួតពិនិត្យប្រភពបំពុលបរិស្ថាន តាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម និងអាជីវកម្ម បានចំនួន ៦៨ទីតាំង ក្នុងនោះ ក្រុងសួង ១៤ទីតាំង ស្រុកត្បូងឃ្មុំ ១៩ទីតាំង ស្រុកអូររាំងឪ ០៦ទីតាំង ស្រុកតំបែរ១១ ទីតាំងស្រុកមេមត់ ០៧ទីតាំង និងស្រុកពញាក្រែក ចំនួន ១១ទីតាំង។

ក្នុងនោះដែរ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានសហការជាមួយ ក្រុមការងារក្រសួងបរិស្ថាន បានចំនួន ០៦ទីតាំង ក្នុងនោះ ស្រុកតំបែរ ១ទីតាំង,ស្រុកមេមត់ ២ទីតាំង,ស្រុកពញាក្រែក ៣ទីតាំង និងបានចុះប្រមូលទិន្នន័យការប្រើប្រាស់ សារធាតុធ្វើឱ្យត្រជាក់ និងបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ សេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ និងយានដ្ឋានជួសជុលរថយន្ត នៅក្នុងខេត្តត្បូងឃ្មុំ បានចំនួន ៥៤ទីតាំង៕