សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ខណៈប្រទេសវៀតណាម ទីផ្សារធំលំដាប់ទី២


ការនាំចេញទំនិញពីប្រទេសកម្ពុជា បានប្រឈមទៅនឹងបញ្ហាជំងឺកូវីដ-១៩ និងទទួលរងឥទ្ធិពលមួយចំនួន នៃវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបណ្ដាលអោយ ការនាំចេញទៅកាន់ប្រទេស ជាដៃគូពាណិជ្ជកម្មធំៗ មានការថមថយចុះបន្ដិច ក្នុងរយៈពេល ២ ខែដើមឆ្នាំ២០២៣ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែសម្រាប់ប្រទេសជិតខាង និងប្រទេសដៃគូមួយចំនួនទៀត មានកំណើនគួរអោយកត់សម្គាល់។ យ៉ាងណាមិញ សហរដ្ឋអាមេរិក នៅតែរក្សាដំណែង ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ខណៈប្រទេសវៀតណាម ប្រទេសជប៉ុន ចិន និងថៃ ជាទីផ្សារធំបន្ដបន្ទាប់។

យោងតាមរបាយការណ៍ពី នាយកដ្ឋានគយ និងរដ្ឋករ បានបង្ហាញថារ រយៈពេល ២ ខែដំបូងឆ្នាំ២០២៣ នេះការនាំចេញទំនិញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក មានទំហំដល់ ១,១២ ពាន់លានដុល្លារ ដែលបានក្ដោបយក ៣៤% នៃការនាំចេញសរុប បើទោះបីជាការនាំចេញ មានការធ្លាក់ចុះ -២០% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនក៏ដោយ។ ប្រទេសវៀតណាម ជាទីផ្សារធំទី២ ដោយកម្ពុជា បាននាំចេញទំហំសរុបប្រមាណ ៤៩១ លានដុល្លារ កើនឡើងដល់ ៣៦% និងបានក្ដោបយក ១៥% នៃការនាំចេញសរុបរបស់កម្ពុជា។

ចំណែកប្រទេសជប៉ុន និងប្រទេសថៃ ជាទីផ្សារធំលំដាប់ទី ៣ និងទី៤ ដែលកម្ពុជា បាននាំចេញទំនិញ ទៅកាន់ប្រទេសជប៉ុនសរុប ២០៦ លានដុល្លារ កើនឡើង ១,៧% និងប្រទេសថៃ ២០៤ លានដុល្លារ កើនឡើង ១៣,៤% ក្នុងរយៈពេល ២ ខែកន្លងទៅនេះ។ ប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ប៉ុន្តែការនាំចេញពី កម្ពុជាទៅចិន មានទីផ្សារតិចតួចនៅឡើយ ដោយរយៈពេល ២ ខែកន្លងទៅនេះ ការនាំចេញមានត្រឹម ១៩៨ លានដុល្លារ ខណៈការនាំចូល មានរហូតដល់ ១,៥ ពាន់លានដុល្លារ។

ការនាំចេញរបស់កម្ពុជា នៅតែរក្សាកំណើនឡើងជាបន្ដបន្ទាប់ ជាពិសេសជាមួយ ប្រទេសជិតខាង និងប្រទេសដែលក្នុងតំបន់ នៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច (RCEP) លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដស្វែងរក ការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសដៃគូ ជាច្រើនទៀត ជាក់ស្ដែង ជាមួយប្រទេសជប៉ុន ជាមួយប្រទេសឥណ្ឌា និងសហព័ន្ធអារ៉ាប់រួម ជាដើម។ គូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល ២ ខែកន្លងមកនេះ កម្ពុជា បាននាំចេញទំនិញទៅប្រទេសឥណ្ឌា ២៧ លានដុល្លារ ដែលមានកំណើនឡើងខ្ពស់រហូតដល់ ១០៣% ធៀបទៅនឹងឆ្នាំមុន។