កម្ពុជា រំពឹងក្លាយជាប្រទេស នាំចេញគ្រាប់ស្វាយចន្ទី ធំជាងគេបំផុត លើពិភពលោក


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជានឹងជំរុញដល់ការដាំដុះ ការផលិត ការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី អោយបានឈានមុខគេ លើពិភពលោក នឹងក្លាយទៅជាប្រទេសអធិរាជ គ្រាប់ស្វាយចន្ទី តែម្ដង នាពេលខាងមុខ។

ថ្លែងបែបនេះ នៅក្នុងឱកាសចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ផលិតស្វាយចន្ទី បានច្រើនជាងគេបង្អស់ ប៉ុន្តែនៅមានកខ្វះខាតក្នុងការកែច្នៃ ដោយភាគច្រើន យើងបាននាំចេញវត្ថុធាតុដើម ទៅក្រៅប្រទេសតែម្ដង តាមតួរលេខចុងក្រោយ បានបង្ហាញថា កម្ពុជា ផលិតស្វាយចន្ទីបាន ១,១៨ លានតោន ខណៈដែលដីដាំដុះស្វាយចន្ទី បាននិងកំពុងលូតលាស់ឡើងជាង ៧០ ម៉ឺនហិកតាទូទាំងប្រទេស និងបាននាំចេញ ស្វាយចន្ទីប្រមាណ ១ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

យោងតាមទិន្នន័យពី សមាគមន៍ស្វាយចន្ទីកម្ពុចា បានបង្ហាញថា កាលពីឆ្នាំ២០២២ កម្ពុជា បាននាំចេញស្វាយចន្ទី បានប្រមាណ ៦៧០ ០០០ តោន ទៅកាន់ទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់ ១,០៧ ពាន់លានដុល្លារ បានធ្លាក់ចុះប្រមាណ ៣៤% បើធៀបទៅនឹងឆ្នាំ២០២១ ក្នុងនោះ ការនាំចេញនាំស្វាយចន្ទី ទៅកាន់ប្រទេសវៀតណាម មានចំនួន ៦៦០ ០០០ តោន បានធ្លាក់ចុះ ៣៧%។ ការធ្លាក់នេះ បណ្ដាល មកពីកត្តាធំមួយចំនួន ដូចជា បញ្ហាបម្រែបម្រួលអាកាសធាតុ ការឡើងថ្លៃតម្លៃជី ថ្នាំសម្លាប់សត្វល្អិត និងសាំង ដែលធ្វើអោយកសិករ ប្រមូលផលបានតិចជាងមុន និងលក់បានថោកជាងមុន។

យ៉ាងណាមិញ នៅឆ្នាំ២០២៣ កម្ពុជា រំពឹងអាចផលិតស្វាយចន្ទីបានប្រមាណ ១ លានតោន ដោយរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសេចក្តីព្រាង គោលនយោបាយជាតិ សម្រាប់គ្រាប់ស្វាយចន្ទី ដើម្បីពង្រឹងសមត្ថភាពលូតលាស់ ដំណើរការ និងនាំចេញផលិតផល គ្រាប់ស្វាយចន្ទីបន្ថែមទៀត ទៅកាន់ទីផ្សារអន្តរជាតិ។ ចំណែកបញ្ហា ដែលយើងកំពុងប្រឈម មានដូចជា ការដាំដុះមិនស្របតាមបច្ចេកវិទ្យា មិនទាន់មានភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ការប្រើថ្នាំសម្លាប់សត្វល្អិត និងជីមិនទាន់មានស្ដង់ដារ ហើយក៏មិនទាន់មាន រោងចក្រកែច្នៃច្រើន ក្នុងប្រទេសនៅឡើយ។