ការប្រគល់វត្ថុបុរាណខ្មែរ មកកាន់មាតុប្រទេសវិញ គឺជាការបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ ដល់វប្បធម៌ នៃជាតិសាសន៍មួយ


ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូន ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែង ក្នុងនាមសម្ដេចផ្ទាល់ ជាមួយប្រជាជនកម្ពុជាទាំងមូល សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ប្រកបដោយសេចក្ដីសោមនស្ស ចំពោះការវិលត្រឡប់មកវិញ នៃព្រលឹងដូនតារបស់ខ្លួន បន្ទាប់ពីបានរសាត់ឆ្ងាយពី មាតុភូមិកំណើត អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយឆ្លងកាត់ដំណើរដ៏វែងឆ្ងាយ នៃសង្គ្រាមស៊ីវិល ការលួច និងការជួញដូរខុសច្បាប់ទៅក្រៅប្រទេស។

សម្ដេចតេជោបន្តថា បច្ចុប្បន្នកម្ពុជាកំពុងបន្ត ធ្វើការស្រាវជ្រាវប្រមូលភស្តុតាង នៃសម្បត្តិវប្បធម៌ ដែលត្រូវបានលួចចេញពីកម្ពុជា ដោយខុសច្បាប់ និងដំណើរការទាមទារ ដោយសហការជាមួយ សហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធតាមគ្រប់មធ្យបាយ ចរចា ដំណើរការផ្លូវទូត រដ្ឋបាល ឬតុលាការ ក្នុងករណីចាំបាច់។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះ ដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជា ដែលជាម្ចាស់ដើម គឺជាកាយវិការ ដ៏ថ្លៃថ្លាគួរឱ្យគោរព ជាការបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ដល់ វប្បធម៌នៃជាតិសាសន៍មួយ ដែលបានរួមចំណែកដ៏ឧត្ដុង្គឧត្ដម ក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្ត របស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងរងគ្រោះពីសោកនាដកម្ម នៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។

សម្ដេចតេជោបានគូសបញ្ជាក់ថា ពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូន ព្រះរាជាណាចក្រកម្ពុជានេះ គឺជាព្រឹត្តិការណ៍ដ៏មាន អត្ថន័យដ៏ឧត្ដុង្គឧត្ដម មិនមែនតែសម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដ នៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំង ឱ្យឃើញពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់ សហគមន៍អន្តរជាតិ នៅក្នុងយុទ្ធនាការសកល ប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម និងចរាចរ និងការជួញដូរខុសច្បាប់ នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្ដមប្រយោជន៍ សម្រាប់មនុស្សជាតិ ទាំងមូល។

គួរបញ្ជាក់ដែរថា ការបញ្ជូនត្រឡប់មកវិញ នៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិនិងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយបណ្តប្រទេសនានា ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្របខណ្ឌនៃអង្គការយូណេស្កូ ជាពិសេស កិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយទទួលបានលទ្ធផលដូចតទៅ៖ កិច្ចព្រមព្រៀងមួយ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាតំណាងនៃ រាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូប្លាស ឡាតហ្វូដ (Douglass Latchford) បានប្រគល់ជូនមកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរទាំងអស់ ដែលកាន់កាប់រក្សាទុក ដោយគ្រួសារលោក ឡាតហ្វដ។

បន្ថែមពីលើនេះ សម្បត្តិវប្បធម៌ ខ្មែរសំខាន់ៗជាច្រើន ដែលកាន់កាប់រក្សាទុក ដោយសារមន្ទីរនានា និងអ្នកកាន់កាប់សមុច្ច័យឯកជន (មួយចំនួនរឺប អូសបានដោយ សមត្ថកិច្ចអាមេរិក និងមួយចំនួនទៀតតាមរយៈ ការប្រគល់ដោយស្ម័គ្រចិត្ត ក៏ត្រូវបានបញ្ចូន ត្រឡប់មកកម្ពុជាវិញ ជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ថ្មីៗនេះទៀតសោត គ្រឿងអលង្ការ បុរាណខ្មែរធ្វើពីមាស និងលោហៈមានតម្លៃទាំងធំ-តូច ចំនួន ៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកដល់ កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយក្រុមការងារកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាម តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយ រដ្ឋាភិបាលចក្រភពអង់គ្លេស រដ្ឋាភិបាលសហរដ្ឋអាមេរិក និងការជួយសម្របសម្រួល ពីស្ថានទូតកម្ពុជា។

ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននឹងកំពុងសហការជាមួយ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ក៏ដូចជាបន្តការចរចា ជាមួយស្ថាប័នថ្មី និងអ្នកកាន់កាប់សមុច្ច័យឯកជន ដើម្បីរៀបចំនីតិវិធីទាមទារ និងបញ្ចូនវត្ថុបុរាណខ្មែរជាច្រើនទៀត ត្រឡបើមកកម្ពុជវិញ។

ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរ ដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗ មួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមា ថ្មធំៗដូចជា ព្រះឥសូរនឹងព្រះស្កន្ធ ព្រះស្កន្ទគង់លើក្ងោក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយ ដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរ នៅសតវត្សរ៍ទី១០ ដែលធ្លាប់ជាគោលដៅនៃ ការលួចទ្រង់ទ្រាយធំ អស់ជាច្រើនឆ្នាំ នៅក្នុងអំឡុងនៃ សម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក៕