ហេតុអ្វីបានជាកម្ពុជា មានតម្រូវការផ្សារទំនើបច្រើន?


កម្ពុជា បានក្លាយទៅជាប្រទេស ដែលមានភាពរីកចម្រើនសេដ្ឋកិច្ច រីកលូតលាស់លឿនបំផុតមួយ នៅតំបន់អាស៊ី ហើយភ័ស្ដុតាងនេះបានបង្ហាញ តាមរយៈកំណើនឡើងយ៉ាងខ្លាំង នៃផ្សារទំនើប និងផ្សារលក់រាយ ដែលចូលរួមជំរុញ ចរន្ដសេដ្ឋកិច្ចបានប្រសើរជាងមុន ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ បានស្វែងរកឱកាស ដើម្បីវិនិយោគលើតម្រូវការ ផ្សារទំនើប និងផ្សារលក់រាយកាន់តែច្រើនឡើង ដោយក្នុងឆ្នាំ២០២៣ នេះតម្រូវការផ្សារលក់រាយ រំពឹងអាចនឹងកើនឡើង លើសពី ៨៧ ម៉ឺនម៉ែត្រការ៉េ។

សម្រាប់ការផ្គត់ផ្គង់ផ្សារទំនើប និងផ្សារលក់រាយ ចាប់ផ្ដើមមានសន្ទុះឡើង ស្របពេលដែលសេដ្ឋកិច្ច និងផលិតផលក្នុងស្រុក សរុបរបស់កម្ពុជា មានកំណើនឡើងចន្លោះពី ៦% ទៅ ៧% យ៉ាងមានស្ថិរភាព គិតចាប់ពីរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ដែលបានបើកឱកាស ដល់វិនិយោគបរទេស និងវិនិយោគក្នុងស្រុក ចាប់ផ្ដើមផ្គត់ផ្គង់តម្រូវការផ្សារទំនើប និងផ្សារលក់រាយ កាន់តែច្រើនឡើង។

កត្តាជំរុញបន្ថែមទៀត គឺដោយសារតែកម្ពុជា មានប្រជាជនវ័យក្មេងច្រើន ជាក់ស្ដែង ៤០% នៃប្រជាជនកម្ពុជាសរុប ១៧ លាននាក់ សុទ្ធសឹងមានអាយុក្រោម ២៥ ឆ្នាំ ដែលយុវជនមានការងារ កាន់តែមានជីវភាពធូរធារ និងមានតម្រូវការ លើម្ហូបអាហារនិងភេសជ្ជៈ កន្លែងកម្សាន្ដ និងការដើរទិញទំនិញប្រណិតៗ នៅតាមផ្សារទំនើបជាដើម។ ជាពិសេស នៅរាជធានីភ្នំពេញ គឺជាបណ្ដុំនៃផ្សារទំនើប ក្នុងប្រទេសកម្ពុជា ដោយសារកត្តាប្រជាសាស្ត្រ មានយុវជនមកសិក្សា សាកលវិទ្យាល័យ មកធ្វើការងារ -ល- ជាក់ស្ដែងកាលពីចុងឆ្នាំ២០២២ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ តម្លៃ ២៩០ លានដុល្លារ បានសម្ពោធប្រើប្រាស់ នៅលើផ្ទៃដីជាង ១៧ ម៉ឺនម៉ែត្រការ៉េ ដែលចូលរួមចំណែក ផ្គត់ផ្គង់បន្ថែមទៅក្នុងទីផ្សារកម្ពុជា។

តម្រូវការកើនឡើងនៃ ចំនួនផ្សារទំនើប អាចនឹងត្រូវប៉ះពាល់ដល់ ហាងលក់ទំនិញតូចៗមួយចំនួន ផងដែរ យ៉ាងណាមិញ ផលប៉ះពាល់នេះតម្រូវអោយ ហាងលក់ទំនិញ និងផ្សារលក់រាយតូចៗ ត្រូវការជួសជុល កែច្នៃឡើងវិញ ឬផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីៗ -ល- ដើម្បីទាក់ទាញអតិថិជន ប្រកួតប្រជែងនឹងផ្សារទំនើបធំៗ និងផ្សារលក់រាយ ដែលបើកថ្មីៗជាដើម។