រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ការបញ្ជៀសចរាចរណ៍ អំឡុងពេលសាងសង់ ស្ពានអាកាសព្រះមុនីវង្ស


ក្រោយការបើកការដ្ឋាន សាងសង់ស្ពានអាកាសព្រះមុនីវង្ស ចរាចរណ៍នៅចំណុចក្បាលថ្នល់ ដែលជាចំណុចប្រសព្វ នៃមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ (ផ្លូវ ៦០ ម៉ែត្រ) វិថីខេមរភូមិន្ទ (ផ្លូវលេខ ២៧១) មានបញ្ហាកកស្ទះចរាចរណ៍ យ៉ាងខ្លាំង និងបានកកស្ទះដល់ ផ្លូវជាតិលេខ១ ស្ពានព្រះមុនីវង្ស មហាវិថីព្រះនរោត្តម និងផ្លូវជាតិលេខ២ ផងដែរ។

ក្រោយការប្រជុំ រកដំណោះស្រាយកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ រួចមក រដ្ឋបាលរាជធានីភ្នំពេញ បានសម្រួលការកកស្ទះ បានមួយចំនួនធំ ប៉ុន្តែក៏សង្កេតឃើញថា ពេលខ្លះ ការកកស្ទះនៅតែកើតឡើងដែរ ដូចនេះទើបរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ បញ្ជៀសចរាចរណ៍ មួយចំនួនទៀត មានដូចជា៖

១. សម្រាប់អ្នកធ្វើដំណើរចូលរាជធានីភ្នំពេញ

• ចំពោះរថយន្ដធុនធ្ងន់ រថយន្ដកុងតឺន័រ រថយន្ដធុនធំត្រូវ បង្វែរទិសតាមផ្លូវថៃហ្គ័រ ឆ្លងស្ពានព្រែកសំរោង ចូលរាជធានីភ្នំពេញ តាមពេលវេលា និងម៉ោងកំណត់របស់ រដ្ឋបាលរាជធានីភ្នំពេញ និងមិនអនុញ្ញាតឱ្យឆ្លង តាមស្ពានព្រះមុនីវង្សឡើយ។

• អ្នកធ្វើដំណើតាមផ្លូវជាតិលេខ១ ចូលរាជធានីភ្នំពេញ ឆ្ពោះទៅមូលដ្ឋានខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ សូមមេត្តាយោគយល់ ដោយបង្វែរទិសតាមផ្លូវថៃហ្គ័រ តាមស្ពានព្រែកសំរោង ចូលរាជធានីភ្នំពេញ ឬតាមសាឡាងកោះពេជ្រ-កោះនរា

• អ្នកធ្វើដំណើតាមផ្លូវជាតិលេខ២ ចូលរាជធានីភ្នំពេញ ឆ្ពោះទៅកាន់មូលដ្ឋានខណ្ឌទួលគោក ខណ្ឌ៧មករា ខណ្ឌចំការមន សូមមេត្តាយោគយល់អធ្យាស្រ័យ ដោយបង្វែរទិសតាម មហាវិថីឧកញ៉ាមហាភក្ដី សប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ ម៉ែត្រ) និងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) បត់តាមផ្លូវផ្សារជីបម៉ុង ចេញតាមផ្លូវលេខ ២៧១ ចូលទៅកាន់គោលដៅវិញ។

២. សម្រាប់អ្នកធ្វើដំណើរ ចេញពីរាជធានីភ្នំពេញ

• អ្នកធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២ ទៅខេត្តកណ្ដាល ឬមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ ហើយកំពុងធ្វើដំណើរ តាមមហាវិថីព្រះមុនីវង្ស សូមបង្វែទិសតាមផ្លូវលេខ ៤៨៨ ឆ្ពោះទៅរង្វង់មូលផ្សារដើមថ្កូវ ឆ្ពោះទៅផ្លូវលេខ២៧១ សំដៅទៅផ្លូវលេខ៣៧១ ឬតាមផ្លូវផ្សារជីបម៉ុង ចេញតាមផ្លូវ ៦០ ម៉ែត្រ និងតាមផ្លូវឧកញ៉ា ហ៊ុន នាង (ផ្លូវ ៣០ ម៉ែត្រ) ទៅកាន់គោលដៅរបស់ខ្លួន។

• អ្នកធ្វើដំណើរចេញពី រាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ឬទៅខេត្តកណ្ដាល សូមធ្វើដំណើរតាម មហាវិថីព្រះនរោត្តម ឡើងស្ពានអាកាសក្បាលថ្នល់ បត់ត្រលប់ក្រោយ រួចឆ្លងស្ពានព្រះមុនីវង្ស ឬឆ្លងតាមសាឡាងកោះពេជ្រ-កោះនរា ឬឆ្លងពីកំពង់ចម្លងសុខា ជ្រោយចង្វារ មកកាន់កោះនរាតែម្ដង។

៣. មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវពិនិត្យលទ្ធភាព ក្នុងការពង្រីកទ្រូងផ្លូវ ឱ្យធំជាបណ្ដោះអាសន្នសិន ពេលសំណង់ស្ពានអាកាសនេះ ត្រូវបានបញ្ចប់ នឹងត្រូវរៀបចំ ឱ្យមានសភាពដើមវិញ។ ក្រោយការចេញវិធានការបញ្ជៀស និងពង្វៀងចរាចរណ៍នេះ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ ចូលរួមបញ្ជៀស បញ្ហាកកស្ទះចរាចរណ៍ទាំងអស់គ្នា ហើយក្រុមហ៊ុន ទទួលបន្ទុកសាងសង់ នឹងពន្លឿនការសាងសង់ ឱ្យបញ្ចប់ទៅតាមផែនការ គ្រោងទុក។