កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ការចរចា កិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ


ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម បានប្រកាសបញ្ចប់ ការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) ជាផ្លូវការ បន្ទាប់ពីមានកិច្ចចរចាចំនួន ៣ លើកចាប់ពីខែតុលា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលកិច្ចព្រមព្រៀងនេះ រំពឹងអាចនឹងពង្រីក ទំហំពាណិជ្ជកម្មទ្វេភាគី សម្រួលនិតិវិធីគយ សម្រួលពាណិជ្ជកម្មនិងភូតគាមអនាម័យ សម្រាប់នាំចេញ ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការផងដែរ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ដើមឆ្នាំ២០២៣ យើងសម្រេចបាន សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលមានសារៈសំខាន់ ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្ដជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ចូលទៅក្នុងទីផ្សារតំបន់ និងពិភពលោក។
ឯកឧត្តម បន្ដថា កិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) នឹងអាចទាញយក អត្ថប្រយោជន៍ជាអតិបរមា ដើម្បីការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចសម្រាប់ប្រជាជន នៃភាគីទាំងពីរ តាមរយៈការលើកកម្ពស់ ខ្សែច្រវាក់តម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញវិនិយោគទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសក្ដានុពលនានា។

កិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម មានសារៈសំខាន់ គ្របដណ្ដប់លើ ពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ នីតិវិធីគយ កិច្ចសម្រួលពាណិជ្ជកម្មអនាម័យ និងភូតគាមអនាម័យ របាំងបច្ចេកទេសពាណិជ្ជកម្ម ឧបាស្រ័យ ពាណិជ្ជកម្មវិនិយោគ ពាណិជ្ជកម្មសេវា ពាណិជ្ជកម្មឌីជីថល កម្មសិទ្ធបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស សហគ្រាសធុនតូចនិងមធ្យម តម្លាភាព យន្ដការដោះស្រាយវិវាទ រដ្ឋបាលកិច្ចនៃកិច្ចព្រមព្រៀង និងអវសានប្បញ្ញាត្តិ។

សម្រាប់ទំនិញដែលកម្ពុជា អាចពង្រីកទីផ្សារបន្ថែម ទៅកាន់អេមីរ៉ាត់អារ៉ាប់រួម មានផលិតផលកសិកម្ម និងឧស្សាហកម្មសក្ដានុពល ដូចជា អង្ករ, បន្លែ, ចេក, ស្វាយចន្ទី, ស្វាយ, ពោត, ម្រេច, ធុរេន, នំធ្វើពីអង្ករ, ដំណាប់ផ្លែឈើ, កង់, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្ដអគ្គិសនី, កាបូបធ្វើដំណើរ, ស្បែកជើង, សម្លៀកបំពាក់ជាដើម។ រីឯទីផ្សារសេវាកម្ម មានដូចជា សេវាកម្មអាជីព និងសេវាកម្មធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន -ល-។

សូមបញ្ជាក់ផងដែរថា ការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អាមីរ៉ាតអារ៉ាប់រួម បានប្រព្រឹត្តទៅចំនួន ៣ លើកដូចខាងក្រោម៖

•  ការចរចារជុំទី១ នៅថ្ងៃទី២៤-១៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី
•  ការចរចារជុំទី២ នៅថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ
•  ការចរចាជុំទី៣ នៅថ្ងៃទី ២០-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ