គិតពីឆ្នាំ ២០១៨ ដល់ ២០២២ ខេត្តព្រៃវែង ទទួលបានការវិយោគលើ វិស័យអចលនទ្រព្យ និងសេវាផ្សេងៗ រហូតដល់ជិត ២០០លានដុល្លារ


បើតាមការបញ្ជាក់របស់ ឯកឧត្តម  ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា គិតចាប់ពីឆ្នាំ ២០១៨-២០២២ (ក្នុងរយៈពេល ៥ឆ្នាំ) ខេត្តព្រៃវែង ទទួលបានការវិយោគ លើវិស័យអចលនទ្រព្យ និងសេវាកម្មផ្សេងៗ សរុបមានទំហំទឹកប្រាក់ជិត ២០០លានដុល្លារ។

ឯកឧត្តមបានឱ្យដឹងថា ខេត្តព្រៃវែង បានជម្រុញឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មកបណ្តាក់ទុន ក្នុងខេត្តនេះជាបន្តបន្ទាប់ និងមានការកើនឡើង គួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងរយៈ៥ឆ្នាំនេះ មានអ្នកវិនិយោគឯកជន បានមកវិនិយោគលើ វិស័យអចលនទ្រព្យ និងសេវាកម្មផ្សេងៗ មានទំហំទឹកប្រាក់ចំនួន ១៩៥,៧៥លានដុល្លារ (ទំហំទឹកប្រាក់វិនិយោគនេះ មិនបានរាប់បញ្ចូលវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនោះឡើយ)។

ឯកឧត្តមបញ្ជាក់បន្ថែមថា ការវិនិយោគលើវិស័យអចលនទ្រព្យ ទាំងនោះរួមមាន៖ វិស័យសំណង់និងអចលនទ្រព្យ មានដូចជា (ដី ផ្សារ ផ្ទះលំហែ…)៖ មានក្រុមហ៊ុនវិនិយោគចំនួន ១៧ក្រុមហ៊ុន លើផ្ទៃដីទំហំ ១៤០ហិកតា ក្រោមទុនវិនិយោគសរុប ១៤១លានដុលារ។

ចំពោះ រោងចក្រ សហគ្រាសវិញ ខេត្តមានរោងចក្រចំនួន ០៣មូលដ្ឋាន មានកម្មករ ៣ ៥៤១នាក់ ទុនវិនិយោគ ៤,៩២លានដុល្លារ, សហគ្រាសធុនតូន និងមធ្យមចំនួន ៤២មូលដ្ឋាន មានកម្មករ ៣ ៨៧៨នាក់ ទុនវិនិយោគ ៩,៩២លានដុល្លារ, សិប្បកម្មកើនឡើង ១៤៤មូលដ្ឋាន មានកម្មករ៤៣២នាក់ ទុនវិនិយោគ ១,៤៥លានដុល្លារ និងវិស័យទឹកស្អាត កើនឡើង១១មូលដ្ឋាន មានកម្មករ ១៣៤នាក់ ទុនវិនិយោគ ៧,៥៤លានដុល្លារ។

ក្រៅពីនេះ ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន ក៏មានការសាងសង់ថ្មីៗចំនួន ៨៧ស្ថានីយ ក្រោមទុនវិនិយោគប្រមាណ ៧លានដុល្លារ និងកសិដ្ឋានចិញ្ចឹមសត្វគោ ក្របី និងបក្សី មានចំនួន ៨៨កន្លែង ក្រោមទុនវិនិយោគប្រមាណ ៦២៥ ០០០ដុល្លារអាមេរិក។ បន្ថែមពីនេះ ខេត្តព្រៃវែង ក៏មានការវិនិយោគលើ វិស័យសុខាភិបាលផងដែរ ដែលមានទុនវិនិយោគសរុប ២៣,២៩លានដុល្លារ។