ខេត្តព្រះសីហនុ៖ បើយោងតាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការថ្លែងឲ្យដឹងថា កោះចំនួន ២/៣ នៅខេត្តព្រះសីហនុ កំពុងស្ថិតលើដំណើរការ នៅក្នុងការអភិវឌ្ឍ។

នៅក្នុងការថ្លែង ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ដែលធ្វើឡើងនៅកោះក្របី ខេត្តព្រះសីហនុ ក្នុងសប្តាហ៍មុននេះ ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា ខេត្តព្រះសីហនុ មានកោះសរុបចំនួន ៣០។ 
បន្ថែមពីនេះ ឯកឧត្តម បានបន្ថែមថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើការវិនិយោគ ក្នុងកោះទាំងនោះ ដែលមានដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម កោះក្របី កោះសង្សារ កោះស្រម៉ុក កោះឬស្សី កោះពស់ ជាដើម ដែលមានក្រុមហ៊ុនវិនិយោគចំនួន ២៤-២៨ ជុំវិញ កោះចំនួន ២០ ទាំងនោះ។

គាត់បានបន្តទៀតថា កោះខ្លះមានទំហំធំ ដូច្នេះមានក្រុមហ៊ុនច្រើនជាងមួយ សម្រាប់ការវិនិយោគ ចំណែកកោះតូចៗខ្លះ មានក្រុមហ៊ុនវិនិយោគតែមួយប៉ុណ្ណោះ។
ឯកឧត្តម សង្កត់ធ្ងន់ថា ការវិនិយោគលើផលិតផលទេសចរណ៍ នៅលើកោះ ទោះបីមានតម្លៃថ្លៃ និងចំណាយច្រើនពិតមែន តែក៏ផ្តល់អត្ថប្រយោជន៍ ដល់សេដ្ឋកិច្ចជាតិផងដែរ ព្រោះសេវាទេសចរណ៍ ត្រូវបានផ្សព្វផ្សាយនៅក្រៅប្រទេស និងទាក់ទាញភ្ញៀវទេសចរជាច្រើន ឱ្យមកលេងនៅកម្ពុជា ជាពិសេសគឺខេត្តព្រះសីហនុ តែម្តង។

គាត់បានឲ្យដឹងថា៖ “វត្ថុធាតុដើម ក៏ដូចជាការវិនិយោគ មានតម្លៃរាប់លានដុល្លារ ដូច្នេះសេវាកម្មនៅលើកោះទាំងនេះ ទោះអ្នកចង់ ឬមិនចង់ក៏ដោយ គឺត្រូវគិតសេវាកម្មថ្លៃដែរហើយ ហើយកន្លែងខ្លះក៏ប្រណិតដូចកោះសង្សារដែរ។”
បើទោះបីជា ពីមុនមានការអាក់ខាន ដោយសារបញ្ហាជម្ងឺកូវីដក៏ពិតមែន ឥឡូវនេះ ដំណើរការអភិវឌ្ឍន៍ឡើងវិញបានចាប់ផ្តើមជាបណ្តើរៗហើយ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមផងដែរថា ការវិនិយោគលើការអភិវឌ្ឍន៍លើកោះនេះ គឺដើម្បីធានាបាននូវនិរន្តរភាព ដោយមិនប៉ះពាល់ដល់ ធនធានធម្មជាតិ ជីវចម្រុះ ក៏ដូចជាការគិតគូរពីបរិស្ថាន ដែលជាដែនកំណត់ដ៏តឹងរ៉ឹង របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ។
 
                             អត្ថបទថ្មីៗ ចុងក្រោយ
 អត្ថបទថ្មីៗ ចុងក្រោយ
                         
                                     
                                     
                                     
                                     
                                     
                                    